ជលផល​ខេត្តក្រចេះ​បញ្ជូន​ជនសង្ស័យ​ម្នាក់ទៅ​តុលាការ​នៅ​ព្រឹក​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 March, 2017 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖​ជលផល​ខេត្តក្រចេះ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ដែល​ប្រើ​ឧបករណ៍​ឆក់​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ស្ថិតនៅ​ភូមិ​ស្ថិតនៅ​ចំណុច​ភូមិ​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ទៅ​តុលាការ​នៅ​នៅ​ព្រឹក ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧ នេះ​។​
​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​២​នាក់ ដែល​លួច​ធ្វើ​សកម្មភាព​ឆក់​ត្រី​នៅតាម​ដង​ទន្លេមេគង្គ ក្នុង​តំបន់​អភិរក្ស​ផ្សោត ត្រូវ​កម្លាំង​មន្ត្រី​ជំនាញ​ខណ្ឌ រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ រួមសហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ស្រុក​ចិត្រ​បុរី ចូលរួម​ផ្ទាល់​ដោយ​កម្លាំង​អាវុធហត្ថ​ស្រុក ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ប៉ុស្តិ៍​ជ្រោយ​បន្ទាយ និង​សហគមន៍​នេសាទ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស នេសាទ​កាលពី​យប់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧ ដោយ​ចាប់​ឃាត់​បាន ។​
​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ និង​ជា​ប្រធាន​ឆ្មាំ​ទន្លេ បានអោយដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចម្រុះ​ឃាត់​ចាប់បាន​គឺមាន​ឈ្មោះ ភួង ណាន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ។ វត្ថុតាង​រួមផ្សំ​នៃ​បទល្មើស​ដែល​រឹបអូស​បាន​គឺមាន ទូក​ម៉ាស៊ីន​ម៉ាក​កា​វ៉ា​កម្លាំង​៦​សេះ​ចំនួន​០១​គ្រឿង អាំង​វែក​ទ័​រ​ឆក់​ត្រី​០១​គ្រឿង អាគុយ​៥០​អំពែរ​០១​គ្រឿង ដង​ឆក់​ចំនួន​០២ កន្ត្រង់​ដងត្រី​ចំនួន​០១ និង​ត្រី​ច​ម្រ​ប្រហែល​០៣​គ​ក្រ ។​
​លោក សៀន គិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តក្រចេះ​បានបញ្ជាក់​អោយដឹងថា បន្ទាប់ពី​ធ្វើការ​ឃុំខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ដើម្បី​កសាង​សុំ​ណុំ​រឿង​រួចមក ពេលនេះ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាតំបូង​ខេត្តក្រចេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តីពី​ជលផល ។​
​លោក​បាន​បន្តថា បើ​យោងតាម​ច្បាប់​ជលផល​ស្តីពី​ជលផល​ត្រង់​មាត្រា​ទី​៩៨ ចំណុច​៤​ចែងថា ការប្រើប្រាស់​ឧបករណ៍​នេសាទ​ឆក់​ត្រី​គឺ ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដែល​ត្រូវដាក់​ពន្ធនាគារ​ពី​៣​ឆ្នាំ ទៅ ៥​ឆ្នាំ វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញចោល​៕

17410318_1848437928728102_710586962_n17393088_1848437922061436_1051894473_n17409954_1848437878728107_1217514738_n