រាជធានីភ្នំពេញ៖ប្រហែលជាលំបាកក្នុងការប្រមូលកម្លាំង ឬក៏សកម្មភាពរបស់ខ្លួនពុំទទួលបានការគាំទ្រក្រុមសហគមន៍ដីធ្លីបានប្រកាសផ្អាកយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យមានយុត្តិធម៌ក្នុងសង្គមនោះ មួយរយះសិន។ ប៉ុន្តែក្រុមសហគមន៍នេះ បានលើកមូលហេតុផ្សេងថា ជាប់រវល់ ឬថាព្រោះតែមន្ត្រីរដ្ឋាភិបាលជាប់កាន់ទុក្ខសពសម្តេច សុខ អាន។
តំណាងសហគមន៍បឹងកក់អះអាងថា ការផ្អាកនោះ ព្រោះតែជាប់រវល់ ខណៈដែលសហគមន៍បុរីកីឡាថា មិនស្លៀកពាក់ខ្មៅដើរហែក្បួនទៀតទេ ដោយសារមន្ត្រីរដ្ឋាភិបាលជាប់កាន់ទុក្ខលោក សុខ អាន។
សាធារណជនភាគច្រើនបានអះអាងថា យុទ្ធនាការពណ៌ខ្មៅ នឹងស្លាប់ទៅដោយឯកឯង ព្រោះតែពុំមានអ្នកចូលរួម ហើយសកម្មភាពពួកគេមិនទទួលបានការគាំទ្រ ឬប្រសិទ្ធភាពធំកំភួននោះទេ។ ចំណែកអ្នកដែលនៅបន្តធ្វើសកម្មភាពសុទ្ធសឹងជាអ្នកដែលជាប់កិច្ចសន្យានិងទទួលបានផលប្រយោជន៍ពីសហគមន៍អន្តរជាតិមួយចំនួនប៉ុណ្ណោះ៕