បាងកក៖ប៉ូលិសថៃបានអះអាងថា ពួកគេទើបតែបានរកឃើញពីគំរោងការណ៍ដ៏ខ្មៅងងឹតមួយ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើឃាតនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បន្ទាប់ពីមានការរឹបអូសបានឃ្លាំងស្តុកអាវុធមួយកន្លែង ជាកម្មសិទ្ធិរបស់សកម្មជនប្រឆាំងរដ្ឋាភិបាលយោធាដែលបានរត់គេចខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
នគរបាលនិយាយថា ពួកគេរកឃើញលទ្ធផលចុងក្រោយនៅថ្ងៃទី១៩ ខែមីនាម្សិលមិញគឺ ឃ្លាំងស្តុកអាវុធរបស់ពួកចលនាអាវក្រហម ជាបណ្តាញរបស់លោក ថាក់ស៊ីន នាយករដ្ឋមន្ត្រីនិរទេសខ្លួនទៅក្រៅប្រទេស។ នគរបាលថ្លែងថា ពួកគេរកឃើញ កាំភ្លើង គ្រាប់បែក និងរំសេវជាច្រើននៅក្នុងផ្ទះជាកម្មសិទ្ធិរបស់មេដឹកនាំពួកអាវក្រហមលោក Wuthipong Kochathamakun ជាអ្នកដែលរត់គេចខ្លួនតាំងពីពួកយោធាចូលកាន់អំណាចកាលពីឆ្នាំ២០១៤។
នគរបាលបានឃាត់ខ្លួនមនុស្សចំនួន៩នាក់ ពាក់ព័ន្ធនិងការរកឃើញអាវុធនោះ។ នគរបាលបញ្ជាក់ថា ពួកគេមានភស្តុតាងច្បាស់លាស់ហើយថា អាវុធទាំងនោះក្រុមអាវក្រហមទុកធ្វើឲ្យមានចលាចលក្នុងសង្គម។
មេបញ្ជាការនគរបាលលោក Jakthip Chaijinda ថ្លែងថា អាវុធដែលពួកគេរកឃើញនោះ មិនមែនទុកសម្រាប់បាញ់សត្វទេ គឺទុកសម្រាប់សម្លាប់មេដឹកនាំប្រទេស ដែលលោកចង់សំដៅលើការសម្លាប់លោក ប្រាយុទ្ធ ចាន់ អូចា៕