រាជធានីភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន គ្រោងរៀបចំដាក់ពាក្យប្ដឹងបុគ្គលម្នាក់ដែលបានបង្ហោះសារលើហ្វេសប៊ុក (facebook) ប្រមាថសពសម្ដេចវិបុលបញ្ញា សុខ អាន។ ការប្រមាថដែលមន្ត្រីរដ្ឋាភិបាលអះអាងថា មិនអាចទទួលយកបាន ដោយវាបានប៉ះពាល់ដល់កិត្តិយសនៃសព ប៉ះពាល់ដល់ទំនៀមទម្លាប់ និងប៉ះពាល់ដល់អ្នកដែលគោរពចំពោះសពសម្តេច សុខ អាន ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា នឹងចាត់វិធានការផ្លូវច្បាប់ចំពោះលោក ហៃ វណ្ណា ដែលមានហ្វេសប៊ុកឈ្មោះ Vanna Hay ដែលគេដឹងថា រស់នៅប្រទេសជប៉ុន ។ ដើមចមគឺនៅថ្ងៃទី១៩ មីនា ចំថ្ងៃបូជាសពវិបុលបញ្ញា សុខ អាន លោក ផៃ ស៊ីផាន បានបង្ហោះសារលើហ្វេសប៊ុកសម្ដែងការស្រណោះសោកស្ដាយចំពោះការបាត់បង់លោក សុខ អាន។ នៅថ្ងៃដដែលនេះ លោក ហៃ វណ្ណា បានចូលទៅបញ្ចេញយោបល់លើសារហ្វេសប៊ុកនេះ ដោយតបជារូបភាពការកាន់មរណទុក្ខ”លោក សុខ អាន” ប៉ុន្តែបានសរសេរបន្ថែមលើរូបភាពនោះ ដោយអក្សរពណ៌ក្រហមជាភាសាអង់គ្លេសថា «R.I.H.=Rest In Hell» ឬមានន័យថា «ធ្លាក់នរកទៅ»។
ថ្លែងតាមរយៈសារនៅលើទំព័រហ្វេសប៊ុក លោកផៃ ស៊ីផាន បានរៀបរាប់ថា “ខ្ញុំ ផៃ ស៊ីផាន ក្នុងនាមមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រី សូមប្រកាសជាសាធារណៈថា បន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន ខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះ បុគ្គលឈ្មោះ Vanna Hay ដែលបានប្រមាថជាសាធារណៈចំពោះ សម្តេចវិបុលបញ្ញា សុខ អាន”។
លោក ផៃ ស៊ីផាន ហៅសារនេះថាជាការប្រមាថទឹកភ្នែករាប់លាននាក់ក្នុងជួររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅក្នុងគណបក្សប្រជាជនកម្ពុជា ឬនៅក្រៅគណបក្សក្តី ព្រមទាំងឥស្សរជនជាន់ខ្ពស់បរទេសមួយចំនួនផង ដែលបានសម្ដែងការស្ដាយស្រណោះសម្តេច សុខ អាន ហើយនេះជាការប្រមាថទៅលើវប្បធម៌ថ្លៃថ្នូរ និងប្រពៃណីខ្មែរ៖ «…អាស្រ័យហេតុដូចនេះ មានតែស្ថាប័នតុលាការ និងច្បាប់ដែលអាចដោះស្រាយនៅក្នុងបញ្ហានេះ…»។
លោក ផៃ ស៊ីផាន បន្តថា លោក ហៃ វណ្ណា បានឈ្លានពានលើទំព័រហ្វេសប៊ុករបស់លោក ដើម្បីធ្វើជាឧបករណ៍ឈ្នានីស ញុះញង់បំបែកបំបាក់ បំភ័ន្តមតិសាធារណជន និងមន្ត្រីរាជការ និងគណបក្សប្រជាជនកម្ពុជា។
ចំណែក លោក ហៃ វណ្ណា ដែលប្រឈមបណ្តឹងបានប្រាប់វិទ្យុក្រៅស្រុក នៅថ្ងៃទី១៩ មីនា ថា ការសរសេរសារលើហ្វេសប៊ុកលោក ផៃ ស៊ីផាន នេះ ដើម្បីបង្ហាញពីការវាយតម្លៃ និងការយល់ឃើញផ្ទាល់របស់លោកចំពោះការបំពេញការងាររបស់មន្ត្រីសាធារណៈ ។ ប៉ុន្តែលោក ហៃ វណ្ណា បានបង្ហោះសារសុំទោសជាសាធារណៈចំពោះការសរសេរលើសលស់លើសពសម្តេចវិបុលបញ្ញា សុខ អាន។
គួរបញ្ជាក់ថា លោក ហៃ វណ្ណា វ័យ ៣០ឆ្នាំ ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ហើយកំពុងធ្វើការនៅប្រទេសជប៉ុន ។ លោក ហៃ វណ្ណា គ្មានតួនាទីឬមុខតំណែងអ្វីក្នុងគណបក្សប្រឆាំងនោះទេ រហូតមកដល់ពេលនេះ ខណដែលលោកតែងតែបង្ហោះរូបថតដែលធ្លាប់ថតជាមួយលោក សម រង្ស៊ី ញឹកញ៉ាប់ និងបានបង្ហោះសារវាយប្រហាររាជរដ្ឋាភិបាលមិនបណ្តាក់ដៃផងដែរ៕