រាជធានីភ្នំពេញ៖លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិថ្លែងថា ពាក្យស្លោកនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» នោះគណបក្សមិនចាំបាច់ផ្លាស់ប្តូរទេ ព្រោះពាក្យនេះមិនត្រូវបានប្រើប្រាស់ជាផ្លូវការក្នុងគោលនយោបាយរបស់បក្សនោះឡើយ ។ លោកថា គណបក្សសង្គ្រោះជាតិគ្រាន់តែបានអនុម័តនូវគោលនយោបាយអាទិភាពចំនួន ៥ ចំណុចដើម្បីប្រើប្រាស់នៅក្នុងយុទ្ធនាការនយោបាយតែប៉ុណ្ណោះ ហើយពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» គ្រាន់តែបានលើកឡើងក្នុងផ្ទៃក្នុងរបស់គណបក្សមិនមានក្នុងគោលនយោបាយផ្លូវការនោះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យ CPP បានថ្លែងថា ប្រសិនបើគណបក្សសង្គ្រោះជាតិនិយាយដូច្នោះមានន័យថា មិនមានឆន្ទៈដើម្បីដកពាក្យស្លោកនេះចេញទេ ហើយអ្វីដែលគណបក្សសង្គ្រោះជាតិបានលើកឡើងគឺគណបក្សប្រជាជនមិនទាន់ជឿនៅឡើយទេ។
លោក សុខ ឥសាន បានបន្ថែមថាគណបក្សប្រជាជនមិនអាចបង្ខំគណបក្សសង្គ្រោះជាតិឲ្យផ្លាស់ប្តូរពាក្យស្លោកនេះទេ ប៉ុន្តែដោយផ្អែកលើការពិតគណបក្សប្រជាជននៅតែរក្សាជំហរក្នុងការដាក់ពាក្យបណ្តឹងទៅកាន់តុលាការប្រសិនបើគណបក្សសង្គ្រោះជាតិមិនកែតម្រូវពាក្យស្លោកនេះ៕