ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងករណីជួញដូរថ្នាំញៀនចំនួន៤កញ្ចប់ទម្ងន់៧០,៨ក្រាម។
លោក វ៉ាង ពិសិដ្ឋ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានប្រាប់អោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនទៅលើជនសង្ស័យករណីជួញដូរថ្នាំញៀនខាងលើនេះបានធ្វើឡើងរយះពេល៣ថ្ងៃជាប់ៗគ្នាបន្ទាប់ពីកម្លាំងជំនាញបានតាមដានស្រាវជ្រាវរកមុខសញ្ញាអស់រយះពេល១សប្តាហ៍កន្លងមក។ លោកនិយាយទៀតថា បន្ទាប់ពីធ្វើការស្រាវជ្រាវអស់ជាច្រើនថ្ងៃ នៅវេលាម៉ោង១៩-២០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនទៅលើជនសង្ស័យឈ្មោះ សង រ៉ាវី នៅចំណុចភូមិ ថ្នល់បំបែក ឃុំព្រៃស្វាយ ស្រុកមោងឬស្សីដោយដកហូតបានថ្នាំញៀនចំនួន១កញ្ចប់ទម្ងន់២៥,៧០ក្រាម ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង។
ក្រោយពីធ្វើការសាកសួរចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថាគ្រឿងញៀនគឺឈ្មោះ ហូយ រិត ហៅណូកដែលជាមេខ្លោងធំបានប្រើអោយខ្លួនយកទៅលក់អោយអ្នកកុម្ម៉ង់ទិញ លុះដល់វេលា ម៉ោង១១-៣០នាទី ថ្ងៃទី១៩ ខែមីនាកម្លាំងជំនាញបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ចុះស្រាវជ្រាវទៅដល់មូលដ្ឋានរបស់ឈ្មោះហូយរិតហៅណូកនៅក្នុងភូមិពោធិ៍តាគួយ សង្កាត់រលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឆេង សុខលី ចំណែកឈ្មោះហូយ រិត ហៅណូកជាមេខ្លោងធំបានបើករថយន្តគេចខ្លួនសមត្ថកិច្ចបានដេញតាមប្រផាប់ប្រផីងដល់វេលាម៉ោង១៣-០០នាទីថ្ងៃខែដដែលរថយន្តខាងលើបានដាច់កង់មុខបើកទៅមិនរួចជនសង្ស័យបានរត់ចូលព្រៃគេចខ្លួនបាត់។
លោកបន្តថា៖បន្ទាប់ពីជនសង្ស័យឈ្មោះ ហូយ រិត ហៅណូក រត់បាត់សមត្ថកិច្ចបានចុះទៅឆែកឆេរលំនៅដ្ឋាននៅវេលាម៉ោង៨-០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតរកឃើញវត្ថុតាងថ្នាំញៀន៣កញ្ចប់បន្ថែមរួមនិងវត្ថុតាងមួយចំនួនធំ។ ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់រួមមាន៖ ទី១ឈ្មោះ សង រ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិពាញែក ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ ទី២ឈ្មោះ សាង មុន្នីរត្ន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិស្ទឹងថ្មី ឃុំស្ទឹងថ្មី ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទី៣ឈ្មោះ ឆេង សុខលី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
វត្ថុតាងដកហូតបានរួមមាន៖-ម្សៅក្រាមពណ៌ស(ម៉ាទឹកកក)ចំនួន៤កញ្ចប់ទម្ងន់៧០,០៨ក្រាម
-ជញ្ជីងថ្លឹងគ្រឿញៀនចំនួន១
-ទូរស័ព្ទដៃចំនួន៧គ្រឿង
-រថយន្តម៉ាកកាំម៉ារីឆ្លាម១គ្រឿង
-ម៉ូតូចំនួន១គ្រឿង
-ប្រាក់រៀលចំនួន៤,១៨៥,៥០០រៀល
-ប្រាក់បាតចំនួន៣១០បាត
-ប្រាក់ដុល្លាចំនួន៤០ដុល្លារ
-ផ្លាកលេខម៉ូតូចំនួន៤
-បញ្ជីកត់ត្រាគ្រឿងញៀន១ក្បាល-ម៉ាស៊ីនផ្ទុកទិន្ន័យកាមេរ៉ាសុវត្ថិភាពចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៣នាកករណីជួញដូរថ្នាំញៀនទម្ងន់៧០,៨ក្រាម