ហាណូយ៖នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យកូរ៉េខាងត្បូង គាំទ្រគោលជំហររបស់ខ្លួនលើសំណុំរឿងសមុទ្រចិនខាងត្បូង នៅអំឡុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se ក្នុងទីក្រុងហាណូយកាលពីម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
នៅក្រោយជំនួបនោះរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានមួយថា លោក Nguyen Xuan Phuc បានស្នើទៅកូរ៉េខាងត្បូងឲ្យបន្តគាំទ្រខ្លួន ជុំវិញជំហររបស់វៀតណាម និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងជម្លោះសមុទ្រចិនខាងត្បូង និងជួយវៀតណាម ឲ្យកែលម្អការអនុវត្តច្បាប់របស់ខ្លួននៅឯដែនសមុទ្រ។
ទោះបីយ៉ាងណាក្នុងសេចក្ដីប្រកាសព័ត៌មាននោះពុំបានបញ្ជាក់ទេថា តើកូរ៉េខាងត្បូងបានគាំទ្រជំហរវៀតណាមលើរឿងសមុទ្រចិនខាងត្បូង ឬយ៉ាងណានោះទេ ខណៈកូរ៉េខាងត្បូងក៏កំពុងមានបញ្ហាជាមួយចិនរឿងបំពាក់ប្រព័ន្ធ THAAD ផងដែរ។
គួរបញ្ជាក់ថា វៀតណាមគឺជាប្រទេសដែលបើកទូលាយបំផុតជាមួយចិន នៅក្នុងជម្លោះដែនទឹកចាប់តាំងពីហ្វីលីពីនបានដកខ្លួនចេញពីការប្រឈមមុខដាក់គ្នាជាមួយចិននៅក្រោមរដ្ឋបាលប្រធានាធិបតី រ៉ូទ្រីហ្កូ ឌូទើតេ៕