កូរ៉េខាងជើង៖អគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ លោក Choe Myong Nam បានប្រកាសក្តែងៗថា របបដឹកនាំទីក្រុងព្យុងយ៉ាងមិនភ័យខ្លាចទាល់តែសោះ រឿងប្រើកម្លាំងយោធា ឬក៏ដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក។ នេះបើយោងតាមចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រតិកម្មរបស់លោក Choe Myong Nam កើតឡើងបន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ មានបំណងដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងការគំរាមកំហែងពីមីស៊ីលផ្លោងអន្តរទ្វីប ICBM និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
លោក Choe Myong Nam នៅក្នុងបទសម្ភាសន៍ជាមួយ Reuters បានលើកឡើងដូច្នេះថា ការដាក់ទណ្ឌកម្ម របៀបនេះគឺជារឿងឃោរឃៅ និងអមនុស្សធម៌បំផុត ហើយម្យ៉ាងវិញទៀតខ្ញុំអាចប្រាប់អ្នកបានថា ICBM នឹងត្រូវបាញ់ចេញគ្រប់ពេលវេលាគ្រប់ទីកន្លែង ឱ្យតែមានបញ្ជាពីមេដឹកនាំកំពូលរបស់យើង (លោក គីម ជុងអ៊ុន)។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកសង្គ្រាមជាមួយសហរដ្ឋអាមេរិក ហើយក៏បានព្រមានដែរថា នឹងកម្ទេចទីក្រុងវ៉ាស៊ីនតោនឱ្យក្លាយទៅជាផេះផងដែរ៕