ដោយ៖ប៉ែន សុផល
បាត់ដំបង៖រថយន្តក្រុងក្រុមហ៊ុនរិទ្ធមុន្នីមួយគ្រឿងបានរ៉េចង្កូតទៅបុកគូថរថយន្តកាម៉ារី១គ្រឿងហើយបន្តទៅបុកតូបលក់សាច់កណ្តុរនិងម៉ូតូចំនួន៤គ្រឿងបណ្តាលអោយខ្ទេចស្ទើរទាំងស្រុងតែមិនបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧តាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចខាងកើតក្បាលស្ពានអូរតាគី ស្ថិតក្នុងភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចប្រាប់អោយដឹងថា រថយន្តបង្កម៉ាកKIAប្រភេទដឹកអ្នកដំណើររបស់ក្រុមហ៊ុនរិទ្ធមុន្នីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B4085 បានបុកគូថរថយន្ត១គ្រឿងម៉ាកកាម៉ារី ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2A5220ហើយបានបន្តទៅបុកម៉ូតូចំនួន៤គ្រឿងនិងតូបលក់កណ្តុរជាច្រើនផងដែរ។
ប្រភពនៅកន្លែងកើតហេតុប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រុងក្រុមហ៊ុនរិទ្ធមុន្នីខាងលើបើកបរក្នុងល្បឿងយ៉ាលឿងក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើទំនងង៉ោកមួយភាំងបានជាន់ហ្វ្រាំងអូសរ៉េចង្កូតទៅបុកគូថរថយន្តកាម៉ារីដែលកំពុងរៀបចេញដំណើរហើយបន្តទៅបុកតូបលក់សាច់កណ្តុរនិងម៉ូតូខ្ទេចចំនួន៤គ្រឿងរួចជ្រុលធ្លាក់ចូលទឹកតែម្តង៕