រាជធានីភ្នំពេញ៖ករណីសំណុំរឿង ជួប សម្លាប់ មិនបញ្ចប់ត្រឹមផ្តន្ទាទោសឲ្យជាប់គុគមួយជីវិតនោះទេ ប៉ុន្តែតុលាការបានសម្រេចបំបែកសំណុំរឿងមួយទៀត ដោយប្រកាសបើកការស៊ើបអង្កេតទៅលើអ្នកផ្តល់អាវុធដើម្បីសម្លាប់លោក កែម ឡី និងអ្នកនាំឃាតករជួបសម្លាប់មកស្គាល់លោក កែម ឡី ថែមទៀត ។
គួរបញ្ជាក់ថា ឃាតក ជួប សម្លាប់ ត្រូវបានតុលាការសម្រេចកាត់ទោសដាក់គុកមួយជីវិត ពាក់ព័ន្ធករណីបាញ់សម្លាប់ បណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
យ៉ាងណាក៏ដោយ នៅក្នុងសវនាការជាបន្តបន្ទាប់ឃាតក «ជួប សម្លាប់» បានសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ដោយសារខឹងលោក កែម ឡី ជំពាក់ប្រាក់មិនសង ហើយអះអាងថា គ្មានអ្នកនៅពីក្រោយខ្នងនៃឃាតកម្មនេះនោះទេ។
ដូច្នេះ សំណុំរឿង ជួប សម្លាប់ មិនបានបញ្ចប់ត្រឹមផ្តន្ទាទោសដាក់គុគមួយជីវិតនោះទេ ។ ប៉ុន្តែតុលាការនឹងបន្តការស៊ើបអង្កេតអ្នកណាព័ន្ធបន្តទៀត ហើយមិនដឹងថា អ្នកណាខ្លះដែលត្រូវនាំយកមកផ្តន្ទាទោសជាបន្តបន្ទាប់ទៀត ពាក់ព័ន្ធករណី ជួប សម្លាប់ នេះ៕