សៀមរាប៖ ភ្លើងព្រៃបានឆេះសន្ធោសន្ធៅ ទៅលើតំបន់ទ្រនាប់នៃឧទ្យានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បណ្តាលឲ្យវាលស្មៅ រួមទាំងឈើព្រៃតូចៗដែលកំពុងហួតហែងដោយសារកម្តៅថ្ងៃ នារដូវប្រាំងប្រមាណជិត១០ហិកតា ត្រូវបានបំផ្លាញ។
ហេតុការណ៍ភ្លើងឆេះព្រៃឧទ្យានអង្គរបានកើតឡើងនៅម៉ោងជាង១០ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិអារ៉ាក់ស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅក្នុងហេតុការណ៍នោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង របស់អង្គភាពកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងអង្គភាពអាជ្ញាធរអប្សរា។ ប៉ុន្តែរថយន្តជាច្រើនគ្រឿងពុំបានបាញ់ទឹកពន្លត់ទេ ដោយសារកន្លែងកើតហេតុមានព្រៃក្រាស់ៗ រថយន្តពុំអាចចូលទៅបាន។ ប៉ុន្តែភ្លើងត្រូវបានរលត់ទៅវិញដោយសារកម្លាំងមនុស្សកាច់មែកឈើ ទៅវាយពន្លត់។
សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក បាននិយាយថា នៅមុនពេលភ្លើងឆេះ រូបគាត់ និងកូនបានឮសំឡេងផ្ទុះប្រាវៗ ដោយស្លឹកឈើ និងឃើញដុំផ្សែងបាញ់ឡើងលើ ទើបបានដឹងថា ភ្លើងឆេះព្រៃ។ ភ្លាមៗ ក៏នាំកូនចៅ រួមទាំងព្រះសង្ឃពីរអង្គផង ដងទឹកទៅពន្លត់ តែមិនបានជោគជ័យទេ ដោយសារអំណាចភ្លើងកំពុងឆេះពេញទំហឹង។
លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាបបានប្រាប់នៅកន្លែងកើតហេតុថា ព្រៃឧទ្យានអង្គរ ដែលរងការខូចខាតដោយសារភ្លើងឆេះទាំងពីរកន្លែងក្បែរគ្នា គឺអស់ប្រហែលជិត១០ហិកតា។ ក្នុងការឆាបឆេះនោះពុំបានបំផ្លាញផលដំណាំ ផ្ទះសំបែង សត្វពាហនៈ ឬអាយុជីវិតពលរដ្ឋណាម្នាក់ឡើយនៅក្នុងហេតុការណ៍នោះ។
លោកបានបញ្ជាក់ថា រហូតពេលភ្លើងរលត់ទៅវិញអស់ទាំងស្រុងហើយ យើងនៅតែមិនទាន់រកឃើញពីមូលហេតុពិតនៅឡើយទេ តែការសន្និដ្ឋានក្រៅផ្លូវការ អាចមកពីភ្លើងកន្ទុយបារីរបស់អ្នកភូមិ៕fpm