ដោយ៖បក្សីចាំក្រុង
ភ្នំបេញ៖បុរសម្នាក់ស្រវឹងជោគជាំជិះម៉ូតូមិនគោរពភ្លើងសញ្ញាបានបុកបុរសម្នាក់ ទាក់ពាក្យទាក់សំដីគ្នា បុរសស្រវឹងនោះក៏បានយកសោរម៉ូតូទៅវៃបង្កអោយមានរបួសស្នាម ភ្លាមៗនោះត្រូវបាននគរបាលចរាចរណ៍មូលដ្ឋាននៅជិតនោះឃាត់ខ្លួនតែម្តង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៣ខែមិនាឆ្នាំ២០១៧ នៅចំណុចភ្លើងបំបែកសញ្ញាចរាចរណ៍២០០៤ កាត់ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះមានឈ្មោះ អ៊ុន យូហាន អាយុ៣៧ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ស្នាក់នៅបន្ទប់ជួលម្តុំសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិឬស្សី ឃុំរកា ធ្វើដំណើរដោយម៉ូតូម៉ាក់scopy ភ្នំពេញ 1FA-5897ធ្វើដំណើរចេញពីផ្លូវម៉ៃដា២០០៤ ទៅផ្ទះនៅសំរោងអណ្តែត។ ចំណែកបុរសបង្កដែលមានជាតិស្រវឹងក្នុងខ្លួននោះមានឈ្មោះ ថោង វុទ្ធី អាយុ២៣ឆ្នាំមុខរបរឃាអ្នកយាមនៅផ្សារអណ្តូង ស្នាក់ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំនើត ភូមិក្រប៉ៅ ឃុំក្រប៉ៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ រូបខ្លួនបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមបណ្តាយផ្លូវ២០០ឆ្ពោះទៅផ្ទះនៅសំរោងអណ្តែតដោយបានឆ្លងកាត់ភ្លើងសញ្ញា ២០០៤ត្រង់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី ភ្លើងសញ្ញានោះលោតពណ៍ខៀវហើយខ្លួនក៏បានបន្តដំណើរឆ្លងទៅមុខទៀត ភ្លាមនោះក៏ស្រាប់តែបុរសដែលបង្កហេតុនោះ បានធ្វើដំណើរដើរពីជើងទៅត្បូងហើយមិនគោរពភ្លើងសញ្ញាទិសរបស់ខ្លួនទេ ហើយមកបុកប៉ះជាមួយគ្នាហើយក៏ទាក់ពាក្យទាក់សំដីគ្នា បណ្តាលអោយជនបង្កទាញយកសោរម៉ូតូមកក្តាប់នឹងដៃវៃចំក្បាលបណ្តាលអោយរងរបួស។
ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ដែលនៅគោលដៅនោះបានបញ្ជូនភាគីទាំងពីរទៅប៉ុស្តិ៍នគរបាលកាកាបដើម្បីធ្វើការដោះស្រាយ។
នៅពេលដែលទៅដល់ប៉ុស្តិ៍នគរបាលកាកាប ជនបង្កហាក់បីដូចជាដឹងខ្លួនខុស បានសូមទោសទៅ ជនរងគ្រោះ និងព្រមសងថ្លៃព្យាបាលចំនួន១៥០ដុល្លារដើម្បីបញ្ចប់រឿង ហើយសមត្ថកិច្ចបានធ្វើការណែនាំអប់រំអោយត្រឡបទៅផ្ទះវិញ ដោយបន្សល់ទុកពាក្យមួយឃ្លាថា “សូមបងប្អូនកុំយកតម្រាបតាមខ្ញុំ” ៕