រាជធានីភ្នំពេញ៖តុលាការកំពូលបានសម្រេចថា នឹងប្រកាសសាលដីកាសំណុំរឿងនៅក្រៅឃុំរបស់ លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។
លោក នី ចរិយា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ខែមេសា ឆ្នាំ២០១៦ ដើម្បីបញ្ចុះបញ្ចូល ឬលួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ តុលាការកំពូគបានបើកសវនាការលើសំណុំរឿងស្នើសុំនៅក្រៅឃុំរបស់លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បន្ទាប់ពីលោកបានបរាជ័យនៅក្នុងស្នើសុំនៅក្រៅឃុំជាបន្តបន្ទាប់នៅសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍៕