ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងជំនាញក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបតិ្តការបង្ក្រាបទីតាំង បើកនិងលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង)ចំនួន២កន្លែងដោយឃាត់ខ្លួនមនុស្ស៨នាក់រួមនិងវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការ។
លោក ឈឿង គឹមសុង មេក្រុមបង្ការបង្ក្រាបនិងជាប្រធានផ្នែកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានបប្រាប់សារព័ត៍មានមេគង្គប៉ុស្តិ៍អោយដឹងថា៖ក្រោយពីទទួលបានសេចក្តីការពីប្រជាពលរដ្ឋថាមានការលួចលាក់លេងនូវល្បែងស៊ីសងអាប៉ោងនៅចំណុចទីតាំងខាងលើ ភ្លាមៗនោះលោកក៏បានទទួលបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការខេត្ត ក៍ដូចជា លោក ឧត្តមសេនីយ៍ត្រីយ៍ ជេត វណ្ណនី ស្នងការរងខេត្តអោយចុះទៅមើលជាក់ស្ដែងរហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនយកមកតែម្តង។
លោកបន្តថា៖ក្នុងកិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១៥-៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ដោយទីតាំងទី១នៅចំណុចស្ពានទំនាប ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក និងទីតាំងទី២ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក។
លោកបន្តទៀតថា៖ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងអាប៉ោងទាំងពីរកន្លែងខាងលើនេះសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់៖ទី១ឈ្មោះ ហេង ចំណាប់ ភេទប្រុសអាយុ៣៧ឆ្នាំ(ម្ចាស់ផ្ទះ)។ ទី២ឈ្មោះ សយ សាង ភេទប្រុស អាយុ៥៥(អ្នកលេង)។ ទី៣ ឈ្មោះ លក ម៉ុក ភេទប្រុស អាយុ៥១ឆ្នាំ (អ្នកលេង)។ ទី៤ឈ្មោះ ម៉ុន ស៊ីមូន ភេទប្រុសអាយុ៣៣ឆ្នាំ(អ្នកមើល)។ ទី៥ឈ្មោះ អ៊ុល អេង ភេទប្រុស អាយុ៥៨ឆ្នាំ (អ្នកលេង)។ ទី៦ឈ្មោះ រ៉េត រុន ភេទប្រុស អាយុ៥៦ឆ្នាំ(អ្នកលេង)។ ទី៧ឈ្មោះ សៀប សារ៉ុន ភេទប្រុស អាយុ៣៨ឆ្នាំ (អ្នកមើល) និងទី៨ឈ្មោះ ផាត់ ភាព ភេទប្រុសអាយុ៣៨ឆ្នាំ(អ្នកមើល)។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖កំរាលលេងអាប៉ោងចំនួន១ ចាន និងគំរបបាញ់អាប៉ោងចំនួន១ឈុត។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះដើម្បីចាត់ការតាមនីតិវិធី៕