ក្មេង​តូច​ពីរ​នាក់​ស្លាប់​ក្នុង​ភ្លើង​យ៉ាង​អាណោចអាធ័ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2017 ក+ ក-

​ដោយ​៖​សុខ ណាត​
​មណ្ឌលគិរី​៖​ក្មេង​តូច​ស្រី​-​ប្រុស​០២​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​អណ្ដាតភ្លើង ខណៈ​ឪពុក​-​ម្ដាយ​ទុក​ឲ្យ​ពួកគេ គេង​ក្នុងផ្ទះ​តែ​ពីរ​នាក់​បងប្អូន ហើយ​ពួកគាត់​បាន​ទៅលេង​ផ្ទះ​អ្នកជិតខាង​។ ហេតុការណ៍​ឆេះ​ផ្ទះ​បណ្ដាល​ឲ្យ​ក្មេង​តូច​ស្លាប់​០២​នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់ ថ្ងៃទី​២៣ មីនា ២០១៧ ម្សិលមិញ​នេះ នៅ​ភូមិ​ខ្ញែ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​
​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ចុង​ផ្លាស់​លោក ឡេវ វិបុល បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ឪពុក​-​ម្ដាយ​ក្មេងរងគ្រោះ បានចេញ​ទៅលេង​ផ្ទះ​បងប្អូន​ដែល​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ផ្ទះ​របស់ខ្លួន ដោយបាន​ទុក​ឲ្យ​កូន​ទាំងពីរ​នាក់​គេង​ក្នុងផ្ទះ លុះ​បន្តិចក្រោយមក​ក៏មាន​គេ​ស្រែកប្រាប់​ភ្លើង​ឆេះ​ផ្ទះ ទើប​ឪពុក​-​ម្ដាយ​ក្មេងរងគ្រោះ រួម​និង​អ្នកជិតខាង​បាននាំគ្នា​ជួយ​ពន្លត់ភ្លើង ប៉ុន្តែ​មិនអាច​ពន្លត់ភ្លើង​បាន​នោះទេ បណ្ដាល​ឲ្យ​ក្មេងប្រុស​អាយុ​០៤​ឆ្នាំ​ម្នាក់ និង​ក្មេងស្រី​អាយុ​០២​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ក្នុង​អណ្ដាតភ្លើង​គួរ​ឲ្យ​សង្វេគ​។​
​លោក ឡេវ វិបុល បាន​ឲ្យ​ដឹង​ទៀតថា ក្មេងរងគ្រោះ​ទាំងពីរ​បងប្អូន​ជា​ជនជាតិដើម​ភាគតិច​ព្នង ហើយ​នៅ​ព្រឹក​ថ្ងៃទី ២៤ មីនា ២០១៧​នេះ សមត្ថកិច្ច រួមជាមួយ​ឪពុក​-​ម្ដាយ​ក្មេងរងគ្រោះ​បាន​កាយ​រកឃើញ​ឆ្អឹង​ក្មេង​ទាំងពីរ​អ្នក​ហើយ​។ ចំណែក​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ទទឹង​០៦​ម៉ែត្រ បណ្ដោយ​០៧​ម៉េ​ត្រ ហើយ​ក្នុងផ្ទះ​នេះ​ក៏មាន​ស្រូវ​៤០​បេ​ត្រូវ​ភ្លើង ឆេះ​គ្មាន​សល់​ផងដែរ ហើយ​ករណីនេះ​សមត្ថកិច្ច​សន្និដ្ឋានថា គឺអាច​ឆេះ​បណ្ដាលមកពី​ភ្លើងទៀន​៕

17505841_1850314831873745_2113784110_n17495537_1850314808540414_1600582540_n