ដោយ៖សុខ ណាត
មណ្ឌលគិរី៖មន្ត្រីជំនាញរបស់មន្ទីរពាណិជ្ជកម្មខេត្តបានបង្ហាញលទ្ធផលអំពីការពិនិត្យលើស្រា.សនាថ្ងៃទី២២ ខែមីនា ដែលសង្ស័យថា បានបង្កឲ្យមានមនុស្សពុលរហូតមានមនុស្ស៣នាក់ស្លាប់នៅខេត្តមណ្ឌលគិរីថា មានផ្ទុកសារធាតុមេតាណុល ក្នុងស្រា.ស លើសកម្រិតកំណត់។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណនិងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)បានបញ្ចេញលទ្ធផលវិភាគលើគំរូស្រា.ស ដែលយកពីកន្លែងកើតហេតុ, កន្លែងចែកចាយបន្តនិងផ្ទះជនរងគ្រោះ នោះមានដូចជា ស្រាស នៅផ្ទះរបស់អ្នកផលិត មានកំរិតអាកុល20.00%និងមេតាណុលមិនលើស0.15% ត្រឹមត្រូវតាមបរិមាណកំណត់។ប៉ុន្តែចំពោះស្រាស ដែលយកមកពីផ្ទះអ្នកភូមិឈ្មោះឌៀប ដូរ លក់នោះគឺមានកំរិតអាល់កុលរហូតដល់25.00%និងមេតាណុលរហូតដល់6.90%លើសពីកំរិតកំណត់ដែលអាចបានត្រឹមតែ0.15%តែប៉ុណ្ណោះ។
ចំពោះស្រាដែលសល់ពីជនរងគ្រោះផឹកមានកំរិតជាតិអាលកុល26.00%និងមេតាណុល4.10%.។ដូចច្នេះជនរងគ្រោះបានស្លាប់នោះគឺដោយសារតែបរិមាណមេតាណុលដែលបានរកឃើញនៅក្នុងផ្ទះអ្នកលក់បន្តឈ្មោះឌៀប ដូរ លើសពីកម្រិតអនុញ្ញាតិខាងលើ ជាហេតុធ្វើឲ្យជនរងគ្រោះពុលនិងបង្ករឲ្យស្លាប់ពេលទទួលទានស្រា.សនោះ។
សូមបញ្ជាក់ថា មនុស្សចំនួន០៣នាក់ ត្រូវបានពុលស្រាសស្លាប់ជាបន្តបន្ទាប់និងមនុស្សចំនួន០៩នាក់ផ្សេងទៀតបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា ក្រោយទទួលទានស្រាស ក្នុងកម្មវិធីបុណ្យសព កាលពីថ្ងៃទី១៥ ,១៦ និង១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕