អតីតមន្ត្រី​គណបក្ស សម រង្ស៊ី ថា CNRP នឹងមិន​បាន​ចូលរួម​ការបោះឆ្នោត​ឃុំ​/​សង្កាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អតីតមន្ត្រី​គណបក្ស សម រង្ស៊ី មួយរូប​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ពុំមាន​ឱកាស​ចូល​រួមកា​របោះ​ឆ្នោត​ឃុំ​/​សង្កាត់ នាពេលខាងមុខ​នេះ​ទេ ដោយសារ​សមាជ​វិសាមញ្ញ​ដែល​បានជ្រើសរើស​ថ្នាក់ដឹកនាំ​គណបក្ស នាពេល​កន្លងទៅ ហើយ​ត្រូវបាន​ក្រសួងមហាផ្ទៃ​ប្រកាសថា មិន​ស្របច្បាប់​។​
​អតីតមន្ត្រី​គណបក្ស សម រង្ស៊ី រូបនោះ បាន​បន្ថែមថា សារ​នយោបាយ ប្តូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​ដែល​កំពុង​ប្រឈម​នឹង​បណ្តឹង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដកចេញ​ក៏​ជា​មូលហេតុ​មួយទៀត​ដែល​បង្ហាញថា គណបក្សប្រឆាំង​មួយ​នេះ​នឹង​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​បោះឆ្នោត​ឃុំ​/​សង្កាត់​នាពេលខាងមុខ​នោះទេ ។ មន្ត្រី​រូបនោះ​មានជំនឿថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​យក​បញ្ហា​នេះ ធ្វើជា​មូលហេតុ​ដើម្បី​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត ។​
​ទាក់ទិន​ករណីនេះ អ្នកវិភាគ​នយោបាយ​មួយចំនួន​ក៏បាន​លើកឡើង​ស្រដៀង​គ្នា​នេះដែរ​ថា អនាគត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​បោះឆ្នោត​ឃុំ សង្កាត់​នាពេលខាងមុខ​ត្រូវបាន​គេ​ធ្វើ​ឲ្យ​ស្ថិតនៅក្នុង​លក្ខណៈ​មិន​ច្បាស់លាស់ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បានសម្រេច​ថា​សមាជ​របស់​គណបក្ស​ដែល​បាន​ធ្វើឡើង​នា​ខែ​នេះ​ដោយ​ជ្រើសរើស​លោក កឹម សុខា ធ្វើជា​ប្រធាន​គណបក្ស​គឺ​ផ្ទុយ​នឹង​លក្ខន្តិកៈ​របស់​គណបក្ស ឆ្នាំ​២០១៣ ដែល​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ច្របាច់​បញ្ចូល​គ្នា ។​
​ទន្ទឹម​នោះ​ក្រសួងមហាផ្ទៃ​ក៏បាន​សុំ​ឲ្យ​គណបក្ស​ប្តូរ​ពាក្យស្លោក​របស់ខ្លួន «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ផងដែរ ដោយ​សំអាងថា​សារ​ពាក្យស្លោក​នេះ​មិន​គោរព​ទៅតាម​រដ្ឋធម្មនុញ្ញ​ច្បាប់​ស្តីពី​ការបោះឆ្នោត និង​ស្មារតី​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ ប្រសិនបើ​បក្ស​សង្គ្រោះ​ជាតិ​មិន​ប្តូរ​ទេនោះ គឺជា​កំហុស​ធ្ងន់ធ្ងរ​ណាស់​បើ​និយាយ​ដល់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​ក្រុមអ្នកវិភាគ​បាន​ប្រមើល​ថា ក្រសួងមហាផ្ទៃ​នឹងធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​ដោយសារ​បេក្ខជន​ឈរឈ្មោះ​ឃុំ សង្កាត់​របស់​ពួកគេ​ត្រូវបាន​ជ្រើសរើស​រួចហើយ​ដោយ​លោក កឹម សុខា ដែលជា​ប្រធាន​គណបក្ស​ដែល​វា​នឹង​ពិបាក​ក្នុង​ការកែប្រែ​វិញ ។ ទង្វើ​នេះ​ហាក់បីដូច​ជាមាន​គោលបំណង​ធ្វើ​ឲ្យ​មាន​ការិយាល័យ​ធិបតេយ្យ​សម្រាប់​គណបក្ស និង​ធ្វើ​ឲ្យ​គណបក្ស​មាន​ភាពលំបាក​ក្នុង​ការរៀបចំ​បេក្ខភាព​ឡើងវិញ សម្រាប់​ការបោះឆ្នោត​ថ្ងៃទី ៤ មិថុនា ជាជាង​ការរំលាយ​គណបក្ស៕

3-CNRP_11