ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖បុរសម្នាក់ចាប់បង្ខំរំលោភសេពសន្ថវៈលើកូនចិញ្ចឹមអាយុ១០ឆ្នាំរាប់ដងក្នុងមួយខែៗតាំងពីឆ្នាំ២០១៥រហូតមក ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះតាមពាក្យបណ្តឹងរបស់ប្រពន្ធ។ ហេតុការណ៍ចាប់ខ្លួនជនសង្ស័យបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចជើងភ្នំអាយៀ ភូមិរលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លឿត ឌី អាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះ គឹម គង្គា អាយុ៣៦ឆ្នាំ ។ ឯកុមារីជាកូនចិញ្ចឹមឈ្មោះ.ឌ.ល.កអាយុ១២ឆ្នាំ រស់នៅជាមួយឪពុកម្តាយចិញ្ចឹមក្នុងភូមិរលច ឃុំកន្ទួត ស្រុកចិត្របុរី ។ សមត្ថកិច្ច បានបន្តថាមុនមានហេតុការណ៍នៅអំឡុងឆ្នាំ២០១៥ ជនសង្ស័យបានសុំកុមារីរងគ្រោះអាយុទើបតែ១០ឆ្នាំ ពីអ្នកភូមិម្នាក់យកមកចិញ្ចឹមចាត់ទុកជាកូនបង្កើតដោយដាក់ឈ្មោះត្រកូលរបស់ខ្លួន(ជនសង្ស័យ)ឲ្យកុមារីនោះទៀតផង។
ប្រភពដដែលបានបន្តថា ក្រោយយកមកចិញ្ចឹមជនសង្ស័យតែងតែយកកុមារីរងគ្រោះទៅដេកចាំចម្ការនៅឆ្ងាយពីភូមិ ។ ដោយមានឱកាសជនសង្ស័យជាឪពុកចិញ្ចឹមបានចាប់រំលោកសេពសន្ថវៈជារៀងរាល់ខែដោយក្នុងមួយខែៗពី៩ទៅ១០ដង។ ក្នុងនោះជនសង្ស័យតែងបានគំរាមសម្លាប់បើកុមារីនោះហ៊ានប្រាប់ទៅម្តាយ(ប្រពន្ធ)ឬប្រាប់អ្នកភូមិ។ លុះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ លឿត ឌី ជាឪពុកចិញ្ចឹមបានចាប់រំលោភកុមារីរងគ្រោះបានម្តង។ មកដល់ថ្ងៃទី២៣ ខែដដែល បានចាប់រំលោភម្តងទៀត។
ប្រភពបានបន្តថានៅថ្ងៃទី២៤ ខែឆ្នាំដដែល កុមារីរងគ្រោះបានមកភូមិក៏បានយករឿងរ៉ាវដែលឪពុកចិញ្ចឹមប្រព្រឹត្តមកលើខ្លួនទាំងប៉ុន្មានប្រាប់ម្តាយចិញ្ចឹមឲ្យដឹង ។ នៅថ្ងៃខែឆ្នាំដដែលឈ្មោះ គឹម គង្គា ជាម្ដាយចិញ្ចឹមបាននាំកូនស្រីនោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។បន្ទាប់ពីទទួលបណ្តឹងសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿត ឌី យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលកន្ទួត ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានរំលោភនាងតាំងពីឆ្នាំ២០១៥រហូតមកមែន។
ក្រោយពីសារភាពរបស់ជនសង្ស័យសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការខេត្តនៅថ្ងៃទី២៦ខែមីនាម្សិលមិញនេះដើម្បីផ្តន្ទាទោសតាមច្បាប់៕