ខេត្តក្រចេះ៖ថ្លែងនៅថ្ងៃនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សានៅខេត្តក្រចេះ សម្តេច ហ៊ុន សែន បានអំពាវនាវដល់គណបក្សនយោបាយទាំងអស់ ត្រូវគោរពក្រមសីលធម៌នៅក្នុងការឃោសនា ដោយមិនបន្តុះបង្អាប់អ្នកដទៃ ហើយត្រូវយកគំរូតាមអ្នកលក់ទំនិញ ដោយឃោសនាផ្សព្វផ្សាយតែផលិតផលរបស់ខ្លួនតែប៉ុណ្ណោះ ។
សម្តេច ហ៊ុន សែន បានថ្លែងថា ការឃោសនាដោយការជេរបញ្ចោរបន្ទោសបង្អាប់ដល់អ្នកដទៃ នឹងនាំឲ្យមានការឈឺចាប់ និងឈ្លោះប្រកែកគ្នា ។ សម្តេចបានសង្កត់ធ្ងន់ថា សូមកុំឲ្យមានជម្លោះនៅក្នុងពេលបោះឆ្នោត ហើយដើម្បីបញ្ចៀសជម្លោះនេះបាន គឺត្រូវតែ បញ្ចៀសការជេរប្រមាថ ។ សម្តេចថា អ្នកនយោបាយទាំងអស់ ត្រូវឃោសនាអួតសរសើរតែរបស់ខ្លួនទៅ កុំដៀលទៅបក្សដទៃ ។
ទន្ទឹមនោះសម្តេចក៏បានអំពាវនាវដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ត្រូវរួមគ្នាជួយធ្វើឲ្យ បរិយាកាសបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសត្រូវធ្វើឲ្យការបោះឆ្នោតនេះ សម្រេចទៅដោយជោគជ័យ៕