ភ្នំពេញ៖កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជាមុខសញ្ញាកាច់សោ.កម៉ូតូយ៉ាងសកម្មបន្ទាប់ពីមានការចង្អុលបង្ហាញជនរងគ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ជួលផ្លូវបេតុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសម្ដីលោក តុន តូនី នាយប៉ុស្តិ៍ដង្កោបានអោយដឹងថា ជនរងគ្រោះដែលមានឈ្មោះ យី ជួន ភេទប្រុសអាយុ៥៣ឆ្នាំមុខរបរលក់ដូនៅផ្ទះកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧វេលាម៉ោង១១និង៣០នាទីព្រឹកជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដាឌ្រីមស៊េរី២០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1DH.4414ចតទុកនៅមុខផ្ទះត្រូវបានជនសង្ស័យលួចកាច់សោ កយកទៅបាត់តែពេលនោះរូបគាត់មិនបានទៅដាក់ពាក្យបណ្ដឹងទេលុះមកដល់ថ្ងៃកើតហេតុប្អូនប្រុសរបស់គាត់បានប្រទះឃើញជនសង្ស័យស្នាក់នៅបន្ទប់ជួលនៅភូមិកើតហេតុខាងលើក៏បានរត់មកប្រាប់ពេលនោះរូបគាត់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលដង្កោពេលទទួលបានពាក្យភ្លាមលោកមេប៉ុស្តិបានដឹកនាំកម្លាំងចុះមកឃាត់ខ្លួនជនសង្ស័យចំនួន២នាក់យកមកសាកសួរនៅប៉ុស្តិ៍ដង្កោ។
ជនសង្ស័យដែលឃាត់ខ្លួនបានទី១មានឈ្មោះ សន តុន ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដមានស្រុកកំណើតភូមិចេកឃុំដូងស្រុកបាទីខេត្តតាកែវ ទី២ ឈ្មោះ ពេជ្យ គឹមហេង ភេទប្រុសអាយុ២១ឆ្នាំមុខរបរជាងផ្សារដែកមានស្រុកកំណើតភូមិកំពុងអុសឃុំផ្សារឆ្នាំងស្រុកកំពុងឆ្នាំងខេត្តកំពុងឆ្នាំងទាំង២នាក់ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅកាន់អធិកានគរបាលខណ្ឌដង្កោដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕