ជនបង្ក​ធ្វើឱ្យ​មនុស្ស​ស្លាប់​រាយ​ពេញ​ផ្លូវ​កំពុងស្ថិត​ក្នុងការ​សង្គ្រោះ​បន្ទាន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ដែល​បើករថយន្ត​កាមរី​បុក​រះ​ម៉ូតូ និង​មនុស្ស​លើផ្លូវ​ព្រះមុន្នីវង្ស បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ និង​រងរបួស​ច្រើន​នាក់ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧​នោះ ពេលនេះ​ជនបង្ក​កំពុងស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​រុស្ស៊ី (​មិត្តភាព​ខ្មែរ​-​សូ​វៀត​) នៅឡើយ ដោយមាន​កម្លាំង​សមត្ថកិច្ច​ការពារ ដើម្បី​រក្សា​សុវត្ថិភាព​តឹងរឹង​។​
​សូមជម្រាបថា ជនបង្ក​ដែល​រងរបួស​ធ្ងន់ធ្ងរ​នេះ ដោយសារតែ​កំហឹង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាននាំគ្នា​វាយ​អ្នកបើករថយន្ត​ស្ទើរ​ស្លាប់​ស្ទើរ​រស់​និង​នាំគ្នា​ទៅ​វាយ​រថយន្ត​បណ្តាល​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង ។ បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ព្យាយាម​ជួយ​យក​អ្នកបើករថយន្ត ចេញពី​កន្លែងកើតហេតុ និង​ជួយ​អន្តរាគមន៍ ខណៈនោះ​មានការ​ផ្ទុះ​តវ៉ា​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ កម្លាំង​នគរបាល​ក៏បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់​ទឹក ខ្លាចក្រែង​ផ្ទុះ​ឆេះ​នៅពេល​ប្រជាពលរដ្ឋ​វាយកម្ទេច​នោះ​។​
​ប្រភព​ឱ្យដឹងថា បុរស​បង្ក​ខាងលើ​មានឈ្មោះ​មាស សុខ​ហេង អាយុ​៣០​ឆ្នាំ ជា​អ្នកលក់​ទូរ​សព្ទ័​ដៃ ស្នាក់​នៅផ្ទះ​លេខ​១១១ ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ទួល​រកា សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ​។​
​គួររំលឹកថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កដោយ​រថយន្ត​មួយគ្រឿង​បើក​បុក​រះ​ម៉ូតូ នៅតាម​បណ្ដោយ​មហាវិថី​ព្រះ​មុ​នី្ន​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន (​ចន្លោះ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​នោះ មក​វិទ្យាល័យ​បឹងត្របែក ខាងមុខ​អតីត​រោងចក្រ គង់​ហុង​កាត់ដេរ​) ដែល​បាន​បណ្តាល​ឲ្យ​ឱ្យស្លាប់​មនុស្ស​៣​នាក់ (​ស្រី​២​នាក់ ប្រុស​ម្នាក់​) និង​របួស​ប្រមាណ​១០​នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​ជិត​១០​គ្រឿង​។​
​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ប្រហែល​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃទី​២៧ មីនា បង្កដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-2245​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្តាលមកពី​ជនបង្ក​បាន​បើករថយន្ត ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​ដល់​ចំណុចកើតហេតុ ពោល​នៅមុខ​អតីត​រោងចក្រ គង់​ហុង កាត់ដេរ ស្រាប់តែ​ជ្រុល​ទៅបុក​ជនរងគ្រោះ ប្រុស​ស្រី​៣​នាក់ កំពុងបើក​ម៉ូតូ​ឆ្លងផ្លូវ ហើយក៏​ជ្រុល​ទៅ​បញ្ច្រាស​ផ្លូវ បើក​បុក​រះ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​កំពុងធ្វើដំណើរ​ម​ក​ពីមុខ​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ជាច្រើន​នាក់​គួរ​ឲ្យ​រន្ធត់ ។ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់ទៀត បាន​ស្លាប់​ភ្លាមៗ នៅ​ហ្នឹង​កន្លែងកើតហេតុ ខណៈ​អ្នករងគ្រោះ​របួស​ជិត​១០​នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​ជិត​១០​គ្រឿង​ផងដែរ​។​
​ស្ត្រី​រងគ្រោះ​ទាំង​២​នាក់ ដែល​បាន​ស្លាប់​នោះ គឺជា​បងប្អូន​ភ្លោះ ហើយ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នករបួស ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​។ សម្រាប់​រថយន្ត​បង្ក​ដែល​ខូចខាត​ស្ទើរ​ទាំងស្រុង​នោះ និង​ម៉ូតូ​របស់​ជនរងគ្រោះ​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​ចាត់ការ​បន្តទៀត​តាមផ្លូវ​ច្បាប់​។​
​យ៉ាងណាក៏ដោយ ស្ថានភាព​រញ៉េរញ៉ៃ ដែល​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​នោះ បាន​ស្ងប់ស្ងាត់​ទៅវិញ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ ហើយ​ភ្នាក់ងារ​យើង​បាន​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​របស់​ជនបង្ក​បាន​ច្បាស់​ហើយ គឺមាន​ឈ្មោះ មាស សុខ​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទដៃ ស្នាក់​នៅផ្ទះ​លេខ​១១១ ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ​។ បច្ចុប្បន្ន ជនបង្ក​រូបនេះ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ៕

17499485_1975927526027853_354532676415296253_n