ភ្នំពេញ៖ ក្រោយពេលដែលសមត្ថកិច្ចបានបញ្ជូនលោកឧត្តមសេនីយ៍យោធាឈ្មោះពេជ្រ ព្រហ្មមុន្នី ដែលជាមនុស្សជំនិតលោកអាំង មាលតី មកដល់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ៧និង៣០ នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា លោក ពេជ្រ ព្រហ្មមុន្នី ត្រូវបានតុលាការ ចោទប្រកាន់ពីបទ
ជ្រៀតជ្រែកការងារសាធារណៈ និងប្រើប្រាស់ស្លាកលេខខ.មក្លែងក្លាយ។
ប្រភពដដែលបានបន្តថា ខណៈមកដល់ម៉ោង ២០និង៣៥នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ លោក ពេជ្រ ព្រហ្មមុន្នី បាននឹងកំពុងស្ថិតក្រោមការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ជានាយករងសេនាធិការ នៃអគ្គបញ្ជាការកងទ័ពជើងគោកក្រសួងការពារជាតិ ត្រូវបានលោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ធ្វើលិខិតទៅលោក មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក ដែលមានកម្មវត្ថុសុំឧត្តមសេនីយ៍យោធារូបនេះ ដើម្បី សហការការងារ នៅសាលាដំបូងរាជធានីភ្នំពេញ លើផ្នែកសន្តិសុខនិងសណ្តាប់ធ្នាប់។
លោក ពេជ្រ ព្រហ្មមុន្នី ត្រូវបានកម្លាំងកងរាជអាវុធហត្ថបានចាប់ឃាត់ខ្លួន នៅម៉ោងប្រមាណ១៨និង១០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅចំណុចភ្នំជីសូរ ក្នុងទឹកដីខេត្តតាកែវ។
ចំណែកវត្ថុតាងមួយចំនួនដូចជា រថយន្ត ម៉ូតូ ដែលលោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញ បានឲ្យលោកពេជ្រ ព្រហ្មមុន្នី យកទៅប្រើប្រាស់ត្រូវបានប្រមូលយកមករក្សាទុក នៅតុលាការក្រុងភ្នំពេញវិញ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ៕