ជួប សម្លាប់ មិនទាន់សម្រេចចិត្តប្តឹងទៅឧទ្ធរណ៍
រាជធានីភ្នំពេញ៖ឃាតករបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមគឺ អឿត អាង ហៅ «ជួប សម្លាប់» បានអះអាងនៅថ្ងៃនេះថា គាត់នៅមិនទាន់សម្រេចចិត្តប្តឹងទៅឧទ្ធរណ៍នៅឡើយទេ ។ នេះបើយោងតាមការឲ្យដឹងពីមេធាវីការពារជនជាប់ចោទ។ ការផ្តល់ព័ត៌មានខាងលើនេះ បន្ទាប់ពីលោក យុង ផានិត មេធាវីជនជាប់ចោទចូលសួរសុខទុក្ខ និងពិភាក្សាជាមួយ ជួប សម្លាប់ នៅពន្ធនាគារកាលពីព្រឹកមិញ។
ឃាតករ ជួប សម្លាប់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធឃាតកម្មលើ លោកបណ្ឌិត កែម ឡី នៅក្នុងស្តាម៉ាតបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក ជួប សម្លាប់ ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ចំនួន២បទល្លើសរួមមាន៖ បទឃាតកម្មគិតទុកជាមុន និងបទរក្សាទុកអាវុធខុសច្បាប់៕