ពលករ​ខ្មែរ​សម្រុក​ទៅ​ស្រុកថៃ​ដើម្បី​រកកា​រងារ​ធ្វើ​មុន​បុណ្យចូលឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2017 ក+ ក-

ខេត្តបន្ទាយមានជ័យ​៖​ពលករ​ស្របច្បាប់​បាន​សម្រុក​ទៅ​ថៃ ដើម្បី​រក​ការងារ​ធ្វើ​តាមរយៈ​ក្រុមហ៊ុន​ផ្សេងៗ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មាន​ច្រើន​កុះករ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា គឺ​ខុសពី​បណ្តា​ឆ្នាំមុនៗ​ដែល​ជិត​ដល់​បុណ្យចូលឆ្នាំថ្មី​មានតែ​អ្នក​ត្រឡប់​ពី​ថៃ​មកវិញ ។​
​ពលករ​ជាង​៤០០​នាក់ មកពី​គ្រប់​ខេត្ត​តាមរយៈ​ក្រុមហ៊ុន​២​គឺ ក្រុមហ៊ុន​SMS និង​ក្រុមហ៊ុន​BSO បាន​មកដល់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទាំង​ព្រឹក ដោយ​ធ្វើដំណើរ​តាម​រថយន្ត​តូចធំ​ដែល​មើលទៅ​ហាក់ដូចជា​គគ្រឹកគគ្រេង​ណាស់ ។​
​តំណាង​ក្រុមហ៊ុន​SMS ប្រាប់ថា ពលករ​តាមរយៈ​ក្រុមហ៊ុន​ខ្លួន​មាន​ចំនួន​១០៨​នាក់​ត្រូវ​ទៅធ្វើ​ការ​នៅ​ខេត្ត​លព​បូរី​ប្រទេស​ថៃ​រោងចក្រ​ផលិត​សាច់ក្រក ។ ដោយឡែក​តំណាង​ក្រុមហ៊ុន BSO លោក​សួន សាម៉េន ប្រាប់ថា ពលករ​ក្រុមហ៊ុន​គាត់​មកពី​គ្រប់​២៥​រាជធានី​-​ខេត្ត មាន​ចំនួន​៣៣៥​នាក់ ត្រូវ​ទៅធ្វើ​ការ​ផ្នែក​សំណង់​នៅ​ខេត្ត​សាមុទ្រ​ប្រា​កាន និង​ខ្លង​តឺ​យ ក្រុង​បាងកក ។​
​លោក សួន សាម៉េន បន្តថា ពលករ​ក្រុមហ៊ុន​របស់គាត់ ភាគច្រើន​កន្លងមក​ធ្លាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ លុះ​ពួកគេ​ជួប​ផល​លំបាក​ក៏​នាំគ្នា​ត្រឡប់​ម​ស្រុក​វិញ​ហើយ​សុំ​ធ្វើ​បែបបទ​ស្របច្បាប់​តាមរយៈ​ក្រុមហ៊ុន​របស់គាត់ ចូលទៅ​ធ្វើការ​លើទឹក​ដី​ថៃ​វិញ​។​
​តំណាង​ក្រុមហ៊ុន​SMS និយាយថា ពលករ​ដែល​ត្រូវ​ទៅធ្វើ​ការ​លើទឹក​ដី​ថៃ ក្នុងថ្ងៃនេះ​មាន​យ៉ាងតិច​៨០០​នាក់ ព្រោះ​ពលករ​មួយចំនួនទៀត​អាច​ចេញ​តាមរយៈ​ក្រុមហ៊ុន​ផ្សេងៗ ។ ពេល​សាកសួរ​ពី​មូលហេតុ​នៃ​ការធ្វើ​ចំណាកស្រុក ក្រុម​ពលករ​និយាយថា ដោយសារ​ការងារ​ក្នុងស្រុក​បាន​ប្រាក់កម្រៃ​ទាប​ជាង​ប្រទេសជិតខាង ម្យ៉ាង​ការងារ​ក៏​ពិបាករ​កទៀត ។​
​ដោយឡែក គ្រួសារ​មួយ​មិន​ប្រាប់​ពី​អត្តសញ្ញាណ ដែល​ប្តី​ជា​អ្នករត់ម៉ូតូឌុប​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ទៅ​ថៃ​ទាំង​ប្តី​ទាំង​ប្រពន្ធ​និយាយថា ការរកស៊ី​ក្នុងស្រុក​ប​ច្ចុ​ប្បន្ន​ពិបាក​ណាស់​សម្រាប់​អ្នក​ខ្វះ​ដើមទុន​ដូចជា​ពួកគាត់ ។​
​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំមុនៗ​ឲ្យ​តែ​ជិត​ដល់​ពិធី​បុណ្យជាតិ​ធំ​ដូចជា​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ជាដើម ពលករ​ប្រុស​ស្រី​តែងតែ​នាំគ្នា​សម្រុក​ចេញពី​ថៃ​មក​កម្ពុជា​វិញ ដើម្បី​ជួបជុំ​សាច់ញាតិ​។ ផ្ទុយទៅវិញ ឆ្នាំនេះ​ជិត​ដល់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ខ្មែរ​ទៅហើយ បែរជា​គេ​សង្កេតឃើញ​ពលករ​ខ្មែរ​នាំគ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ប្រ​ទេ​ថៃ​ទៅវិញ៕

23 4