ក្រសួងមហាផ្ទៃនៅតែទាមទារឲ្យគណបក្សប្រឆាំងគោរពលក្ខន្តិកៈ
រាជធានីភ្នំពេញ៖តាមព័ត៌មានទទួលបានក្រសួងមហាផ្ទៃរក្សាគោលជំហរដដែលគឺស្នើឲ្យគណបក្សសង្គ្រោះជាតិគោរពតាមលក្ខន្តិកៈរបស់ខ្លួនត្រង់មាត្រា៤៧ និងស្នើឲ្យដកសារនយោបាយ«ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»ចេញ ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សលោកចង់ ឲ្យក្រសួង មហាផ្ទៃ ប្រាប់ត្រង់ៗចំៗ តែម្ដងថាគោលនយោបាយ អាទិភាព៥ ចំណុចរបស់ខ្លួនខុសត្រង់ណា ត្រូវកែត្រង់ ចំណុចណា ព្រោះក្រសួងមហាផ្ទៃ ជាអាណាព្យាបាលគណបក្ស នយោបាយទាំងអស់
គួរបញ្ជាក់ថា កាលពីម្សិលមិញរវាងតំណាងក្រសួងមហាផ្ទៃ និងគណបក្សសង្គ្រោះជាតិ (CNRP) បានជួបពិភាក្សាគ្នាជិត២ម៉ោង ទាក់ទងបញ្ហាសមាជរបស់គណបក្សសង្គ្រោះជាតិ ដែលក្រសួងមហាផ្ទៃថា ខុសទៅនឹងលក្ខន្តិកៈគណបក្ស៕