ស្រវឹង​បើករថយន្ត​បុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​ស្លាប់​៤​នាក់ របួស​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2017 ក+ ក-

​ខេត្តកណ្តាល​៖​មនុស្ស​៤​នាក់​បាន​ស្លាប់បាត់​បងជីវិត និង​ម្នាក់ទៀត​រងរបួស​ស្រាល​ដោយសារ​ស្រវឹងស្រា​បើកបរ​រថយន្ត​ត្រឡប់មកផ្ទះ​វិញ បន្ទាប់ពី​ផឹកស៊ី​នៅ​ក្រុង​តាខ្មៅ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២២ និង​៥០​នាទី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​២១B នៅ​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​ខេត្តកណ្តាល​។​
ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មាន​រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2AN:1856 បើកបរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក​ជាមួយនឹង​របង​ផ្ទះ​ប្រជាជន ហើយ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ចំនួន​២​ដើម​បណ្តាលអោយ​បង្គោល​បាក់ រីឯ​រថយន្ត​ក្រឡាប់​តែម្តង​។ ប្រភព​បន្តថា រថយន្ត​នេះ​បើកបរ​ដោយ​ឈ្មោះ ភិន សុ​ភ័​ស្ត ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​អគ្គិសនី​ស្រុក​ស្អាង ទីលំនៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល (​ស្លាប់​នៅ​កន្លែងកើតហេតុ​) រួម​ដំណើរ​មាន​គ្នា​៤​នាក់ ៖ ទី​១: ឈ្មោះ គង់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​អាជីវករ​(​លក់​កាហ្វេ​) ទីលំនៅ​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល (​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។ ទី​២: ឈ្មោះ ស្រេង សេង​ហៀ​ង ហៅ​មាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ថតរូប ទីលំនៅ​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល (​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។ ទី​៣: ឈ្មោះ នាង បញ្ញា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល (​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​)​។ ទី​៤ ឈ្មោះ ពៅ ធរ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ខេត្តកណ្តាល រងរបួស​ស្រាល ត្រូវបាន​ប្រពន្ធ​ដឹកយក​ទៅផ្ទះ​ភ្លាមៗ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុងករណីនេះ​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត​១​គ្រឿង​ធ្ងន់ បាក់​បង្គោល​ភ្លើង​ចំនួន​២​ដើម និង​របង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​។ បច្ចុប្បន្ន​សព​បាន​ពិនិត្យ​រួចរាល់​ហើយ​បាន​ប្រគល់អោយ​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន​។ ចំណែក​វត្ថុតាង​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​៕

17571790_1852850018286893_63651681_o17668948_1852850011620227_1011095905_o