រាជធានីភ្នំពេញ៖ការពិភាក្សាកាលពីម្សិលមិញ រវាងក្រសួងមហាផ្ទៃ និងបក្សសង្គ្រោះជាតិហាក់មិនទទួលបានទទួលផលអ្វីនោះទេ ខណៈដែលក្រសួងនៅតែជំទាស់រឿងតែងតាំងក្បាលម៉ាស៊ីនដឹកនាំរបស់បក្សប្រឆាំងមួយនេះ ។
លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានថ្លែងថា ក្រសួងនៅតែរក្សាគោលជំហររបស់ខ្លួន មិនទទួលស្គាល់ប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្គ្រោះជាតិដដែល គឺស្នើឲ្យដោះស្រាយ បញ្ហានេះ ព្រមទាំងស្នើឲ្យផ្លាស់ប្តូរពាក្យស្លោកនយោបាយរបស់ខ្លួន។ ដោយព្រមានថា ប្រសិនបើមិនដោះស្រាយបញ្ហានេះទេ អាច ប្រឈម នឹងបញ្ហាផ្លូវច្បាប់ ស្តីពីគណបក្សនយោបាយ។
ផ្អែកតាមប្រការ៤៧ នៃលក្ខន្តិកៈគណបក្សសង្គ្រោះជាតិបាន ចែងថា ករណីប្រធានគណបក្សបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយគណៈកម្មាធិការនាយក បើ៖ អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្ស ត្រូវទទួលនាទីជាប្រធានគណបក្សស្តីទី ហើយគណៈកម្មាធិការនាយក ត្រូវជ្រើសរើស អនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ពីក្នុងចំណោមសមាជិករបសខ្លួន ដើម្បីជួយការងារប្រធាន គណបក្សស្តីទី រហូតដល់ចប់អាណត្តិ នាខែមេសា ឆ្នាំ២០១៨។
ប៉ុន្តែគណបក្សសង្គ្រោះជាតិ បានធ្វើសមាជតែងតាំងក្បាលម៉ាស៊ីនរបស់ខ្លួន ដែមានប្រធាន១រូប និងអនុប្រធាន៣រូប កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីលោក សម រង្សី បានលាចេញពីតំណែងជាមេដឹកនាំគណបក្សនេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នោះ។
គួររម្លឹកថា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ធ្លាប់បានបញ្ជាក់ថា គ.ជ.ប នឹងលុបឈ្មោះគណបក្សសង្គ្រោះជាតិ ចេញពីបញ្ជីបោះឆ្នោត ប្រសិនបើក្រសួងមហាផ្ទៃប្រកាសថា សមាជបក្សសង្គ្រោះជាតិខុសច្បាប់៕