ថោង​សារ៉ាត់​បញ្ចេញ​វីដេអូ​ឃ្លី​ប​ទី​៣​បញ្ជាក់​ជាថ្មី​ជុំវិញ​អំពើ​ឃាតកម្ម​លើ​លោក​ឧកញ៉ា​អ៊ឹង​ម៉េង​ជឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2015 ក+ ក-

​ភ្នំពេញ​៖ លោក​ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់ ជា​មេឃាតករ នៃ​ការសម្លាប់ លោក​ឧកញ៉ា អ៉ឹ​ង ម៉េង​ជឺ បាន​បញ្ចេញ​វីដេអូ​ឃ្លី​ប​ទី​៣ របស់ខ្លួន នា​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ ដោយ​បញ្ជាក់​ជាថ្មី​ថា លោក​មិនមែនជា​មេខ្លោង​បាញ់សម្លាប់​លោក​ឧកញ៉ា អឹ​ុ​ង ម៉េង​ជឺ នោះទេ​។​

​នៅក្នុង​វីដេអូ​ឃ្លី​បរ​បស់ ថោង សារ៉ាត់ ដែល​កំពុង​រត់គេចខ្លួន មាន​រយៈពេល ៥ និង​៤៤​នាទី នោះ ហើយ​ដែល ត្រូវគេ​បង្ហោះ​នៅក្នុង​បណ្តាញ​ទំនាក់ទំនង Facebook តៗ​គ្នា ជនជាប់ចោទ នៅក្នុង​អំពើ​ឃាតកម្ម​ដ៏​កក្រើក​រូបនេះ នៅតែ​រំពឹងថា យុត្តិធម៌​នឹង​កើតមានឡើង​សម្រាប់​លោក​និង​គ្រួសារ របស់លោក ។​

​សូមបញ្ជាក់ថា​ការបញ្ចេញ​វីដេអូ​ឃ្លី​ប​ទី​៣​របស់​ជនជាប់ចោទ​រូ​ប​នេះ​បាន​ធ្វើឡើង​ក្រោយពី ឪពុកម្តាយ របស់ខ្លួន ត្រូវបាន​ចាប់ខ្លួន​និង​សម្រេច​ដាក់ពន្ធនាគារ​សាជាថ្មី​។​

គួររំលឹកថា ឧកញ៉ា អ៉ឹ​ង ម៉េង​ជឺ ត្រូវបាន​គេ​បាញ់សម្លាប់ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ ហើយ​ឧកញ៉ា ថោង សារ៉ាត់ ថៅ​ក្រុមហ៊ុន និង​ផ្ទះល្វែង​៩៩៩ ត្រូវបាន​តុលាការ​ចោទប្រកាន់ ជា​មេ ឃាតករ នៅ​ពីក្រោយ​នៃ អំពើ​ឃាតកម្ម​មួយ​នេះ​។​

​ក្រោយ​ការចោទប្រកាន់ និង​ចាប់ខ្លួន​អង្គរក្ស ទាំង​៤​នាក់ ព្រមទាំង​ឪពុកម្តាយ របស់ខ្លួន រហូតមកដល់ ពេលនេះ ឧកញ៉ា ថោង សារ៉ាត់ បាន​រត់គេចខ្លួន​រហូត មិនដឹង​ទៅ​លាក់ខ្លួន​ទីណា​នោះទេ ខណៈ សេចក្តី រាយការណ៍​ខ្លះ អះអាងថា ទំនង​លាក់ខ្លួន​នៅ​ប្រទេស​វៀតណាម​៕

mn81​ថោង សារ៉ាត់​