បំផ្ទុះ​គ្រាប់បែកនៅ​ផ្សារ​មួយកន្លែង​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​ស្លាប់​២២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2017 ក+ ក-

ប៉ា​គី​ស្ថាន​៖​គ្រូពេទ្យ​ម្នាក់​ប្រចាំ​នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា សព​មនុស្ស​២២​នាក់​ត្រូវបាន​គេ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ និង​មាន​អ្នករបួស​៥៧​នាក់ ក្នុងនោះ​មាន​ទាំង​ស្ត្រី និង​ក្មេងៗ​ផងដែរ បន្ទាប់ពី​រថយន្ត​ផ្ទុក​គ្រាប់បែក​មួយគ្រឿង បាន​ផ្ទុះឡើង​កម្ទេច​ផ្សារ​មួយកន្លែង នៅ​តំបន់​កុលសម្ព័ន្ធ​និកាយ​ស៊ី​អ៊ី​ត​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ AFP​។​
​ការវាយប្រហារ​នេះ​បានកើត​ឡើង​ក្រោយពី​រលក​អំពើហិង្សា​បង្កឡើង​ដោយ​ពួក​ឧទ្ទាម​បានសម្លាប់​មនុស្ស​១៣០​នាក់​នៅ​ទូទាំងប្រទេស​ប៉ា​គី​ស្ថាន កាលពី​ខែកុម្ភៈ​កន្លងមក ដែល​បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​។​
​ជុំវិញ​ករណីនេះ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក ណា​វ៉ាស ហ្សា​រី​ហ្វ បានប្រកាស​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​នេះ ដោយ​លោក​ជំរុញ​ឲ្យ​កម្ទេចចោល​ទាំងស្រុង​នូវ​ក្រុម​ភេរវកម្ម​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន។​
​គួរ​បញ្ជាក់ថា ពួក​ឧទ្ទាម​តា​លី​បង់​បានប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ផងដែរ​៕

1