ពលរដ្ឋអូស្ត្រាលីរាប់ម៉ឺននាក់ត្រូវជម្លៀងខ្លួនដោយសារព្យុះស៊ីក្លូន Debbie
អូស្ត្រាលី៖យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយបានវាយប្រហាររដ្ឋពីររបស់អូស្ត្រាលី បង្កជាភ្លៀងធ្លាក់ជោកជាំ ដោយបណ្តាលឲ្យស្ត្រី២នាក់បានស្លាប់ និងរាប់ម៉ឺននាក់ផ្សេងទៀតត្រូវបានគេជម្លៀសទៅកន្លែងសុវត្ថិភាព។
ព្យុះស៊ីក្លូន Debbie បានបោកបក់ទៅលើភាគឦសានកាលពីថ្ងៃអង្គារកន្លងមក ដោយបានផ្ដួលរំលំដើមឈើ បោកបក់ទូកទៅទើនៅលើឆ្នេរ និងបង្កឲ្យមានការខូចខាតយ៉ាងធំធេង។ ទោះជាយ៉ាងណាព្យុះនេះបានថមថយឥទ្ធិពលមកនៅកម្រិតទាបវិញ នៅពេលវាបោកបក់សំដៅទៅភាគអាគ្នេយ៍អូស្ត្រាលី។ ប៉ុន្តែវានៅតែបន្តបង្កមហន្តរាយ និងនាំមកនូវភ្លៀងធ្លាក់យ៉ាងជោកជាំ នៅពេលវាបោកបក់កាត់ឆ្នេរភាគខាងកើត សំដៅទៅរដ្ឋ New South Wales ភាគខាងត្បូងទីក្រុង Queensland និងទីក្រុងស៊ីដនី៕