រាជធានីភ្នំពេញ៖បុរសម្នាក់ស្លាប់ និងក្មេងប្រុសម្នាក់ទៀតរងរបួសដោយសារឆក់ខ្សែភ្លើងដែលម្ចាស់ផ្ទះរាយជុំវិញផ្ទះដើម្បីការពារចោរលួចទ្រព្យសម្បត្តិរបស់ខ្លួន ដែលករណីបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចជួរមាត់ទន្លេ ស្ថិតក្នុងក្រុម៤ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។
បើតាមអ្នកភូមិខាងលើបាននិយាយថា ករណីនេះ បានកើតឡើងដោយសារតែ នៅមុនពេលកើតហេតុ ជនជាតិវៀតណាម ជាម្ចាស់ផ្ទះបង្កហេតុ បានតខ្សែភ្លើង ដែលមានមុខតំណរ រាយព័ទ្ធជុំវិញដីរបងស័ង្កសីទាំងលើ ទាំងក្រោមផ្ទះ ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន ហើយស្របពេលមានទឹកភ្លៀងផងនោះ ក៏មានក្មេងប្រុសជាជនជាតិវៀតណាមម្នាក់ បានរត់មកលេងនៅក្បែរនោះ មួយសន្ទុះ ក៏ឮសូរសំឡេងស្រែកឆោឡោ ស្រាប់តែបុរសរងគ្រោះបានឃើញ និងរត់ទៅជួយក្មេង ក៏ត្រូវឆក់ខ្សែភ្លើងបណ្ដាលឲ្យដួលក្នុងភក់ជ្រាំ ហើយស្លាប់ភ្លាមៗ នៅនឹងរបងផ្ទះតែម្ដង។
ប្រភពបន្តថា ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់ មានឈ្មោះ វន ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនជាតិខ្មែរ និងជាជនគ្មានទីពឹង ស្នាក់នៅជាមួយគេក្បែរចំណុចកើតហេតុខាងលើ និងក្មេងប្រុសរងគ្រោះម្នាក់ទៀត ជាជនជាតិវៀតណាម មានឈ្មោះ ចាំង មិនជី រងរបួសស្រាល។ ចំណែកម្ចាស់ផ្ទះឈ្មោះ បិន ជនជាតិវៀតណាម ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ភ្លាមៗ៕