​នាំគ្នា​ចុះ​បេះ​ផ្កាឈូក​ក្នុង​បឹង​បណ្តាល​ឲ្យ​លង់​ស្លាប់​ទាំង​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2017 ក+ ក-

​ខេត្តកំពង់ចាម​៖​ពិតជា​គួរ​ឲ្យ​សង្វេគ​ណាស់ ខណៈដែល​ក្មេងស្រី​ពីរ​នាក់​បងប្អូន​បាន​ចុះទៅ​បេះ​ផ្កាឈូក​នៅ​បឹង​សូ​គេ​ន​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ទាំង​២​នាក់​តែម្តង ដែល​ករណីនេះ​កើតឡើង​នៅ​ចន្លោះ​ម៉ោង​១០​ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៧ ក្នុងភូមិ​សូ​គេ​ន ឃុំ​សូរគង ស្រុក​កងមាស​។ ហេតុការណ៍​នេះ​កើតឡើង ហើយ​ត្រូវ បាន​ប្រជាពលរដ្ឋ​នាំគ្នា​ចុះ​រាវរក​ប្រហែល​១​ម៉ោង​ទើប​ឃើញ​សព​នោះ ។​
​អធិការនគរបាល​ស្រុក​កងមាស លោក​វរសេនីយ៍ទោ ជា ជួន ប្រាប់​ឲ្យ​ដឹងថា ក្មេងស្រី​ពីរ​នាក់​បងប្អូន​ដែល​លង់ទឹក​បឹង​ស្លាប់​នោះ​មាន ១-​ឈ្មោះ ឆុន សុខលាភ អាយុ​១៦​ឆ្នាំ និង​២-​ឈ្មោះ ឆុន មួយ​ទាង អាយុ​៧​ឆ្នាំ ទាំងពីរ​នាក់​បងប្អូន​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដោយបាន​បបួលគ្នា​ទៅ​បេះ​ផ្កាឈូក​លេង តែ​ចៃដន្យ​គ្រោះ​អកុសល​បាន​លង់​ស្លាប់​ទាំងពីរ​នាក់​តែម្តង​។​
​លោក​វរសេនីយ៍ទោ ជា ជួន អធិការនគរបាល​ស្រុក​កងមាស ប្រាប់​បន្តថា ក្នុងពេលដែល​ចុះទៅ​បេះ​ផ្កាឈូក​ដំបូង ប្អូនស្រី​បាន​រអិល​ជើង​លង់ទឹក​ត្រង់​រណ្តៅ​ជ្រៅ​ប្រហែលជា​៣​ម៉ែត្រ ខណៈ​ពេលនោះ​បងស្រី​ឃើញ​ក៏​ស្ទុះរ​ត់ទៅ​ជួយ បណ្តាល​ឲ្យ​លង់​ទាំងពីរ​នាក​តែម្តង​។ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ឃើញ ក៏​នាំគ្នា​រត់​មកជួយ តែដោយសារ​រណ្តៅ​ត្រង់​កន្លែង​លង់​នោះ​ជ្រៅ​ផង និង​រាង​ធំ​ទៀត បាន​ប្រើពេល​ប្រហែល​ជិត​១​ម៉ោង ទើប​ឃើញ​សព​ក្មេងស្រី​ទាំងពីរ​នាក់​បងប្អូន​ឃើញ​។​
​សាកសព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុម​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម ប្រពៃណី​៕

b7f983e2-cd6f-460e-b8c8-91563b97da77