សេអ៊ូល៖កូរ៉េខាងត្បូង-ជប៉ុន-អាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា មួយនៅថ្ងៃចន្ទនេះ ដើម្បីសំដៅទប់ទល់ការគំរាមកំហែងដោយគ្រាប់មីស៊ីល ពីសំណាក់នាវាមុជទឹករបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ។
សមយុទ្ធសម្ព័ន្ធមិត្តទាំងបីនេះចាប់ផ្តើម៣ថ្ងៃគឺមានកម្លាំងទ័ពចូលរួមប្រមាណ៨០០នាក់ ដែលសមយុទ្ធនេះចាប់ផ្តើមឡើង ស្របពេលដែលលោក ដូណល ត្រាំ ប្រធានាធិបតីអាមេរិកព្រមានថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។
រដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងត្បូងបញ្ជាក់ថា សមយុទ្ធនេះ ជួយពង្រឹងសមត្ថភាពក្នុងការទប់ទល់ជាមួយ មីស៊ីលដែលបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង និងជាការបង្ហាញពីការប្តេជ្ញារួមគ្នារវាងប្រទេសទាំងបី។
កូរ៉េខាងជើង ត្រូវបានគេអះអាងថា កំពុងតែអភិវឌ្ឍន៍គ្រាប់មីស៊ីលកម្រិតវែងរបស់ខ្លួន ដែលនាំក្បាលគ្រាប់នុយក្លេអ៊ែ ដែលអាចបាញ់ដល់សហរដ្ឋអាមេរិក ហើយគ្រាប់ប្រភេទនេះ បានបាញ់សាកល្បងបន្តបន្ទាប់រយៈពេល២ឆ្នាំមកនេះ។
គួរបញ្ជាក់ថា សមយុទ្ធនេះ ចាប់ផ្តើមនៅឆ្នេរសមុទ្រភាគខាងត្បូងរបស់កូរ៉េខាងត្បូង នៅជិតព្រំដែនជាមួយជប៉ុន។ វគ្គនេះមានបង្ហាញពីសមត្ថភាពរបស់នាវា និងឧទ្ធម្ភាគចក្រវាយកំទេចនាវាមុជទឹក៕