ម៉ានីល៖អ្នកនាំពាក្យមជ្ឈមណ្ឌលន័រវេសសម្រាប់ការដោះស្រាយជម្លោះលោកស្រី Helene Revhaug បានថ្លែងថា ការចរចាឈប់បាញ់គ្នារវាងរដ្ឋាភិបាលហ្វីលីពីន និងក្រុមបះបោរដែលអូសបន្លាយរាប់ទសវត្សរ៍ ត្រូវបានពន្យារពេលទៅ ថ្ងៃចន្ទសប្តាហ៍ក្រោយវិញ ខណៈដែលប្រទេសហូឡង់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP ។
លោកស្រីបានបញ្ជាក់ថា ការចរចានោះជាផ្លូវការគ្រោងនឹងចាប់ផ្តើមនៅថ្ងៃស្អែក ប៉ុន្តែគម្រោងពិភាក្សានោះត្រូវបានប្រកាសពន្យារពេលភ្លាមៗ ដោយមិនបានបញ្ជាក់ប្រាប់មូលហេតុលម្អិតទេ។ លោកស្រី បន្តថា ក្រុមទាំងពីរ និងភាគីពាក់ព័ន្ធនៅតែខិតខំក្នុងការរៀបចំ របៀបវារៈក្នុងការចរចាជាថ្មីទៀតដើម្បីទទួលបានផលល្អ។
គួរបញ្ជាក់ថា ក្រុមបះបោរនេះបានចាប់ផ្តើមធ្វើសកម្មភាពឡើងកាលពីឆ្នាំ១៩៦៨ នៅក្នុងប្រទេសក្រីក្រមួយនេះ ដែលគេប៉ាន់ប្រមាណក្រុមនោះមានគ្នាចំនួន៣០ ០០០នាក់ កំពុងរស់នៅ ហើយការចរចារវាងរដ្ឋាភិបាលហ្វីលីពី និងក្រុមបះបោរផ្តាច់ខ្លួនរណសិរ្សជាតិប្រជាធិបតេយ្យ មាន៤ដងរួចមកហើយ ក្នុងរយៈ៣០ឆ្នាំកន្លងទៅនេះ ហើយក៏បានផ្អាក តែក៏ត្រូវបានចាប់ផ្តើមដំណើរការឡើងវិញបន្ទាប់លោក ឌូតើទេ ឡើងកាន់អំណាចកាលពីខែមិថុនាឆ្នាំមុន៕