ដាម៉ាស់៖អង្គការឃ្លាំងមើលសិទ្ធិមនុស្សប្រចាំក្នុងប្រទេសតំបន់មជ្ឈិមបូព៌ាបានថ្លែងថា ប្រជាជនស៊ីវិលស្លូតត្រង់៥៨នាក់បានស្លាប់ ក្នុងនោះមានកុមារ០៩នាក់ផងដែរ បន្ទាប់ពីការវាយប្រហារតាមអាកាសមួយកាលពីម្សិលមិញ ដោយបានបញ្ចេញឧស្ម័នគីមីពុល ទៅលើក្រុងមួយកន្លែងនៅភាគពាយ័ព្យនៃ ប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន BBC។
ប្រភពដដែលបានឲ្យដឹងទៀតថា មនុស្សដែលបានស្លាប់នៅក្នុងក្រុង Khan Sheikhun នៃខេត្ត Idlib គឺដោយសារតែថប់ដង្ហើមបូករួមជាមួយឥទ្ធិពលរបស់ឧស្ម័ននោះ បន្ទាប់ពីកងយន្តហោះចម្បាំង របស់កងទ័ពរដ្ឋាភិបាលស៊ីរី ឬមួយក៏អាចជារបស់ប្រទេសរុស្ស៊ី បានបើកការវាយលុកទៅលើតំបន់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឧទ្ទាមនេះ។
ទោះជាយ៉ាងណានៅមិនទាន់អាចអះអាងឲ្យច្បាស់ពីប្រភេទ នៃសារធាតុគីមីនោះនៅឡើយទេ ខណៈរដ្ឋាភិបាលស៊ីរី តាំងពីដើមរៀងមកតែងតែបានច្រានច្រោលជាដដែលៗ ចំពោះការចោទខ្លួនថាបានប្រើប្រាស់សព្វាវុធបែបនេះ៕