រាជធានីភ្នំពេញ៖រដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារពេលកម្មវិធី «កងវិស្វកម្មចល័ត» ឬ Seabees (ឃ្មុំសមុទ្រ)ដែលនាំឲ្យមានការលុបចោលនូវជំនួយមនុស្សធម៌របស់កងទ័ពនាវាអាមេរិកចេញពីទឹកដីរបស់ខ្លួនក្រោមហេតុផលថា ដើម្បីរក្សាសន្ដិសុខជាតិ។ នេះបើយោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា ។
បើតាមទំព័រហ្វេសប៊ុក ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ស្ថានទូតអាមេរិក បានរៀបចំពិធីជប់លៀងបិទបញ្ចប់បេសកម្មកងទ័ពជើងទឹកផ្នែកជំនួយមនុស្សធម៌អាមេរិក ឬហៅម្យ៉ាងទៀតថា «កងវិស្វកម្មចល័ត» Seabees (“ឃ្មុំសមុទ្រ”) ក្រោយពីពួកគេបានបម្រើការងារអស់រយៈ៩ឆ្នាំនៅកម្ពុជា។
បើតាមទំព័រហ្វេសប៊ុកដដែល ស្ថានទូតអាមេរិក បានឲ្យដឹងទៀតថា ការបញ្ចប់បេសកកម្មកងទ័ពជំនួយមនុស្សធម៌អាមេរិកនេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានជូនដំណឹងដល់ស្ថានទូតអាមេរិក កាលពីសប្ដាហ៍មុនថា ខ្លួនសម្រេចបញ្ឈប់មិនឲ្យមានកម្មវិធីកងនាវា Seabees ដោយគ្មានកាលកំណត់ ក្រោមហេតុផលរក្សាសន្ដិសុខជាតិ មុនការបោះឆ្នោតខាងមុខ។
ស្ថានទូតអាមេរិកឲ្យដឹងដែរថា ការសម្រេចរបស់កម្ពុជានេះ ធ្វើឲ្យអាមេរិកត្រូវលុបចោលគម្រោងចំនួន២០ ដូចជា គម្រោងសាងសង់បន្គន់អនាម័យតាមសាលារៀន និងមន្ទីរសម្ពពក្នុងខេត្តចំនួន៦ ដូចជាកំពត តាកែវ ត្បូងឃ្មុំ និងកំពង់ចាម ជាដើម។
ក្រៅពីផ្អាកកម្មវិធី Seabees របស់កងនាវាមនុស្សធម៌អាមេរិកនេះ កម្ពុជាបានលុបចោល និងពន្យារពេលគម្រោងធ្វើសមយុទ្ធយោធាធំៗ មួយចំនួនទៀតជាមួយអាមេរិកផងដែរ។
សូមជម្រាបថា កងនាវាជំនួយមនុស្សធម៌ Seabees បានចាប់ផ្ដើមដំណើរការនៅកម្ពុជាតាំងពីឆ្នាំ២០០៨ និងជួយដល់គម្រោងសេវាសហគមន៍ និងពលរដ្ឋខ្មែររាប់ពាន់នាក់ សរុបជាទឹកប្រាក់ប្រមាណ៥លានដុល្លារអាមេរិក ដូចជា សាងសង់មន្ទីរពេទ្យ សាលារៀន ជួយពលរដ្ឋរងគ្រោះនៅថ្នាក់មូលដ្ឋាន និងកិច្ចសហការជាមួយរដ្ឋាភិបាលកម្ពុជាលើផ្នែកកងទ័ពជាដើម៕