ចំនួន​ពលករ​ខ្មែរ​ដែល​ថៃ​ចាប់​បញ្ជូនមក​ស្រុក​វិញ​កើនឡើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​សមត្ថកិច្ច​ថៃ​ចាប់បញ្ជូន​ពលករ​ខ្មែរ​តាម​រថយន្ត​ទ្រុង​ជាច្រើន​នាក់ មក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​មួយថ្ងៃៗ​រាប់រយ​នាក់ នៅ​ចុងខែ​មីនា និង​ដើមខែ​មេសា​២០១៧ ខណៈ​ចំនួន​ពលករ​ខុសច្បាប់​ដែល​ភាគី​ថៃ​ចាប់បញ្ជូន​ក្នុង​ខែមីនា មាន​ជិត​៩០០០​នាក់ គឺ​ច្រើនពេក​ហើយ ។​
​បើតាម​សម្តី​មន្ត្រី​បំរើកា​រងារ​នៅ​ទីតាំង​ទទួល​ពលករ​ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត បាន​ប្រាប់ថា នៅ​ចុងខែ​មីនា​និង​ដើមខែ​មេសា​នេះ ពលករ​បញ្ជូន​ពី​ថៃ​ដោយ​រថយន្ត​ទ្រុង​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ហាក់​មានការ​កើនឡើង ហើយ​ថ្ងៃ​ខ្លះ​មាន​រហូត​ជាង​១០​រថយន្ត​ទ្រុង ឬ​ជាង​៧០០​នាក់ ។​
​មន្ត្រី​ដដែល​បន្តថា ចំនួន​ពលករ​ថ្ងៃទី​៣០​មីនា មាន​ចំនួន​៣៣៦​នាក់ ថ្ងៃទី​៣១ មីនា មាន​៤០១​នាក់​/​ថ្ងៃទី​០១ មេសា មាន​៦៣៥​នាក់ និង​ថ្ងៃទី​០២ មេសា មាន​ចំនួន​៧១២​នាក់​។​
​ដោយឡែក​ពលករ​សរុប​ក្នុង​ខែមីនា​មាន​ចំនួន​៨៧៨៤​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣១៧៥​នាក់ និង​កុមារ​៨៩៥​នាក់ ។ មន្ត្រី​ខាងលើ​ប្រាប់ទៀតថា ពលករ​បញ្ជូន​ត្រឡប់​ដើមខែ​មីនា​មួយចំនួនធំ​ទើប​ចេញពី​កម្ពុជា ។ ពលករ​បញ្ជូន​ត្រឡប់​នៅ​ចុងខែ​មីនា និង​ដើមខែ​មេសា សុទ្ធតែជា​ពលករ​វិល​ត្រឡប់​ពី​តាម​បណ្តា​ខេត្ត​ក្រុង​ក្នុងប្រទេស​ថៃ​នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ហើយ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ ពេល​ឆែក​រក​ឯកសារ​ចេញចូល​ប្រទេស​របស់គេ​អត់​ឃើញ​មាន​ហើយ​ចោទថា ជា​ពលករ​គ្មាន​ច្បាប់ ។​
​បុរស​វ័យ​ចំណាស់​មួយរូប​ឈ្មោះ នួន សិត អាយុ​៧៤​ឆ្នាំ នៅ​ភូមិ​ព្រៃទទឹង និយាយថា ការចាកចេញ​ទៅរក​ការងារ​ធ្វើ​នេះ ដោយសារ​នៅផ្ទះ​ពួកគេ​មិនមាន​ការងារ​ណា​រកចំណូលបាន ហើយ​ជីវភាព​ក្នុង​គ្រួសារ​ក៏​ខ្សត់ខ្សោយ​ផង ។​
​ចំណែក​ស្ត្រី​ចំណាស់​ឈ្មោះ ជា ណាត អាយុ​៥៧​ឆ្នាំ និយាយថា នៅ​ភូមិ​ព្រៃទទឹង​នេះ បើ​មាន​បុណ្យទាន​ឬ​មាន​រៀប​មង្គលការ គឺ​មិនមាន​មនុស្ស​ចូលរួម​ទេ ដោយសារតែ​អ្នកភូមិ​បាន​ចាក​ចោលផ្ទះ​អស់ហើយ នៅតែ​មនុស្ស​ចាស់ៗ​ប៉ុណ្ណោះ​ជា​អ្នក​ចាំផ្ទះ ។ ឯ​ស្ត្រី​អ្នកភូមិ​ម្នាក់ទៀត បាន​ចង្អុល​ទៅផ្ទះ​៣​ខ្នង​ដែរ​បិទទ្វារ​ចោល​នោះ​ថា ផ្ទះ​៣​គ្រួសារ​នេះ​គេ​ឱ្យ​គាត់​ជា​អ្នក​ចាំតែ​ម្នាក់ឯង​ទេ ព្រោះ​ម្ចាស់ផ្ទះ​ទៅរក​ការធ្វើ​នៅ​ស្រុកថៃ​អស់​ទៅហើយ ។​
​លោក មូល ខុន ប្រធានភូមិ​ព្រៃទទឹង បានឱ្យដឹងថា អ្នកភូមិ​ព្រៃទទឹង​មាន​ជាង​១០០​គ្រួសារ តែ​ជាង​១០​គ្រួ​សារបាន​ចាកចេញ​ចោលផ្ទះ និង​ជាង​១០០​នាក់​ទៀត​ចាក​ចេញពី​ស្រុកកំណើត ទៅរក​ការងារ​ធ្វើ​ស្ងាត់​ភូមិ​ផងដែរ ។ លោក​បន្តថា នេះ​គ្រាន់តែ​ភូមិតូច​មួយ​ប៉ុណ្ណោះ មាន​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ​ចាកចោល​ផ្ទះ​និង​ជាង​១០០​នាក់ ក៏បាន​ចេញទៅ​រក​ការងារ​ធ្វើ​នៅក្រៅ​ស្រុក ។ លោក​មេភូមិ​បញ្ជាក់ថា មិនមែន​តែ​ភូមិ​គាត់​នេះ​ទេ​ដែល​ពលរដ្ឋ​បានធ្វើ​ចំណាកស្រុក នៅ​ភូមិ​ផ្សេងទៀត​ក៏​ច្រើន​ដែរ ។ ថ្វីបើ​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច​ជាប់​ព្រំដែន​ប្រទេស​វៀតណាម តែ​ក្រុម​អ្នកធ្វើ​ចំណាកស្រុក បែរជា​សម្លឹង​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទៅវិញ៕

un8un7