មូស្គូ៖អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា ទីក្រុងមូស្គូនៅតែបន្តគាំទ្រប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាស្សាដ ក្នុងការប្រយុទ្ធប្រឆាំងនឹង ពួកភេរវករ បើទោះជាខ្វះកិច្ចសហប្រតិបត្តិការពីសំណាក់ អន្តរជាតិ។
អ្នកនាំពាក្យរូបនេះអះអាងថា រុស្ស៊ីនឹងប្រើសិទ្ធិវ៉េតូជំទាស់នឹងដំណោះស្រាយស្នើឡើងដោយសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស សំដៅថ្កោលទោសលើការវាយប្រហារតាមផ្លូវអាកាស ដោយប្រើប្រាស់អាវុធគីមី សម្លាប់ជនស៊ីវិលរាប់សិបនាក់នៅក្នុងខេត្ត Idlib។ នេះបើយោងតាមសារព័ត៌មាន Sputnik។
លោក ឌីមីទ្រី ប៉េស្កូវ បានថ្លែងដូច្នេះថា៖ «ទីក្រុងមូស្គូនឹងបន្តគាំទ្ររដ្ឋាភិបាល ប្រធានាធិបតីស៊ីរី លោក អាស្សាដ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួក ភេរវករ បើទោះជាយើងខ្វះកិច្ចសហប្រតិបត្តិការពីសំណាក់ អន្តរជាតិ ហើយនេះមិនមែនជាកំហុស របស់យើងនោះទេ ក៏ប៉ុន្តែយ៉ាងណា រុស្ស៊ីនៅតែប្ដេជ្ញាចិត្ត បន្តកិច្ចខិតខំ ប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងពួកភេរវករ រហូតដល់ទីបំផុត»។
ជុំវិញករណីនេះប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីម្សិលមិញដើម្បីបោះឆ្នោត សម្រេចលើ ដំណោះស្រាយមួយស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ថ្កោលទោស ការវាយប្រហារ ដោយអាវុធគីមីសម្លាប់មនុស្សជិត១០០នាក់ ក្នុងនោះ មានកុមារ២០នាក់ នៅក្នុងទីក្រុង Khan Sheikhun នៃខេត្ត Idlib ដែលពួកគេជឿជាក់ថាជាស្នាដៃរបស់កងកម្លាំងរដ្ឋាបាលស៊ីរី៕