រាជធានីភ្នំពេញ៖ប្រធានគណបក្សសង្គ្រោះជាតិ ដែលស្ថិតក្នុងភាពមន្ទិលនៅឡើយគឺលោក កឹម សុខា បានចេញទៅក្រៅប្រទេសកាលពីម្សិលមិញក្នុងបេសកកម្មការងាររយៈពេលជិត២សប្តាហ៍ នៅប្រទេសញូហ្សេលែន និងប្រទេសអូស្ត្រាលី។
តាមហ្វេសប៊ុក លោក កឹម សុខា បញ្ជាក់ថា បេសកកម្មក្រៅប្រទេសលើកនេះ លោកនឹងជួបជាមួយ មន្ត្រីរដ្ឋាភិបាលរួមទាំងសមាជិកសភា នៃប្រទេសទាំងពីរ ។ ទន្ទឹមនោះគាត់ក៏ជួបអ្នកគាំទ្រនៅប្រទេសទាំង២នោះផងដែរ។
យ៉ាងណាក៏ដោយ លោក កឹម សុខា មិនបង្ហាញថា បេសកកម្មនោះលោកនឹងត្រូវជួបអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នោះឡើយ ខណដែលព័ត៌មានលេចឮខាងក្រៅអះអាងថា លោកនឹងជួបលោក សម រង្ស៊ី ផងដែរ ក្នុងអំឡុងពេលបេសកកម្មនោះ។
មន្ត្រីបក្សប្រឆាំងមួយរូបដែលសុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ថា លោក សម រង្ស៊ី និងលោក កឹម សុខា មានគម្រោងជួបគ្នា ដើម្បីពិភាក្សាទាក់ទងបញ្ហានយោបាយរួមទាំងវិធានការឆ្ពោះទៅការបោះឆ្នោតឃុំសង្កាត់ នាពេលខាងមុខ។ ប៉ុន្តែជំនួបនោះត្រូវបានគេលាក់លៀមមិនផ្សព្វផ្សាយ ហើយបើធ្លាយព័ត៌មានមកខាងក្រៅគេនឹងនិយាយថា ជាជំនួបចៃដន្យ៕