ខេត្តព្រះវិហារ៖ថ្មីៗនេះនៅតំបន់ព្រំដែនប្រាសាទព្រះវិហារជាប់ព្រំដែនថៃមានពលករខ្មែរម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ធ្ងរដាច់ជើងខាងឆ្វេង ខណៈពួកគេកាប់គាស់គល់ដើមគ្រញូង ហើយបានដើរជាន់មីនកប់ក្រោមដីដែលកើតហេតុ២កន្លែងផ្សេងគ្នា បណ្តាលអោយផ្ទុះកក្រើកត្រូវចំជនរងគ្រោះទាំង២នាក់ស្ថិតនៅឃុំទឹកក្រហមនិង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ។
អាជ្ញាធរមូលដ្ឋានបានអោយដឹងនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ថា ពិតជាមានជនរងគ្រោះ២នាក់ស្លាប់និងរបួសដាច់ជើងឆ្វេងប្រាកដមែនដោយសារពួកគេចូលព្រៃកាប់គាស់គល់គ្រញូងបណ្តាលអោយផ្ទុះគ្រាប់មីនចំនួន២កន្លែងផ្សេងគ្នានៅក្នុងស្រុកជាំក្សាន្ត។ ករណីទី១ផ្ទុះគ្រាប់មីននៅព្រឹកថ្ងៃទី០១មេសាស្ថិតនៅឃុំទឹកក្រហមបណ្តាលអោយជនរងគ្រោះម្នាក់ឈ្មោះ ជិន វង្ស ភេទប្រុស អាយុ២៣ឆ្នាំមុខរបរកសិកររស់នៅភូមិស្វាយ ឃុំរដោះស្រែ ស្រុកជាំក្សាន្ត រងរបួសដាច់ជើងខាងឆ្វេង។
អាជ្ញាធរបន្តថាករណីទី២កើតហេតុផ្ទុះគ្រាប់មីនដូចគ្នាកាលពីថ្ងៃទី០២មេសាស្ថិតនៅឃុំជាំក្សាន្តបណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់នៅនឹងកន្លែង។សពជនរងគ្រោះឈ្មោះគួនធឿនភេទប្រុសអាយុ៣៨ឆ្នាំមុខរបរកសិកររស់នៅភូមិឈើទាលគងឃុំជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារ។សពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យសពរួចរាល់ហើយរីឯជនរងគ្រោះរងរបួសធ្ងន់ធ្ងរត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារផងដែរ។
សេចក្តីរាយការណ៍ថាសព្វថ្ងៃនេះនៅតាមបណ្តោយព្រំដែនប្រាសាទព្រះវិហារជាប់ព្រំដែនថៃសង្ស័យនៅទីនោះវាមានចំការគ្រញូងច្រើននៅទ្បើយ។ករណីពលករខ្មែរចូលលីសែង,គាស់គល់គ្រញូងតាមច្រករបៀងចូលក្នុងទឹកដីថៃហើយដើរជាន់គ្រាប់មីន,ត្រូវគ្រាប់កាំភ្លើងបណ្តាលអោយស្លាប់និងរបួសអសារបង់គឺវាបានកើតទ្បើងជិត១០ឆ្នាំមកហើយ ។
គួរបញ្ជាក់ថា ករណីពលរដ្ឋខ្មែរស្លាប់ និងរបួសខាងលើនេះមិនមែនជារឿងថ្មីថ្មោងនោះទេគឺវាបានកើតទ្បើងតាំងពីឆ្នាំ២០០៨មកម្ល៉េះ៕