វ៉ាស៊ីនតោន៖សារព័ត៌មាន Washington Post ចេញផ្សាយមុននេះបន្តិចថា យោធាអាមេរិកបានបាញ់មីស៊ីលចំនួន៥៩គ្រាប់ទៅលើមូលដ្ឋានទ័ពអាកាស Shayrat នៅក្នុងប្រទេសស៊ីរី ដើម្បីជាការសងសឹកទៅនឹងការវាយប្រហារដោយអាវុធគីមីដែលបានសម្លាប់មនុស្ស៨៦នាក់ក្នុងខេត្ត Idlib កាលពីថ្ងៃអង្គារកន្លងទៅ។
បើតាមបន្ត្រីអាមេរិកមួយរូបបានបញ្ជាក់ថា ការបាញ់នេះធ្វើឡើងកាលពីរំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រដោយបាញ់ចេញពីនាវាមុជទឹកដែលឈរជើងនៅតំបន់សមុទ្រមេឌីទែរ៉ាណេ។ មន្ត្រីរូបនោះបន្ថែមថា នេះគឺជាការវាយប្រហារដោយផ្ទាល់ជាលើកដំបូងបំផុត ប្រឆាំងនឹងមូលដ្ឋានទ័ពរបស់កងកម្លាំងរដ្ឋាភិបាលប្រធានាធិបតី លោក បាស្សា អាល់ អាស្សាដ ចាប់តាំងពីសង្គ្រាមស៊ីរីផ្ទុះឡើងអស់រយៈពេលជាង០៦ឆ្នាំមកនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ចំៗថា ទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការដោយខ្លួនឯង នៅក្នុងករណីក្រុមប្រឹក្សាសន្តិសុខ UN មិនអាចដោះស្រាយរឿងស៊ីរីបានទេនោះ៕