ខេត្តបន្ទាយមានជ័យ៖នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតឈ្មោះ ឈាន ពិសិដ្ឋ ដែលធ្លាប់មានបញ្ហាបង្កការភ្ញាក់ផ្អើលរឿងរថយន្តឡិចស៊ីសបុកកាលពីលើកមុន ឥលូវនេះមានបញ្ហាបានកើតឡើងទៀត ដោយមន្ត្រីរូបនេះបានបាញ់មន្ត្រីនគរបាលម្នាក់ តែសំណាងល្អមិនប៉ះពាល់ដល់អាយុជីវិត។ នេះយោងតាមប្រភពព័ត៌មានបានពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង៤៥នាទីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណប៉ុស្តិ៍អន្តោប្រវេសន៍ ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនបង្កឈ្មោះ ឈាន ពិសិដ្ឋ បានប្រើប្រាស់អាវុធខ្លីម៉ាកហ្វេអាកុល បាញ់ប្រហារមកលើលោក សេម មករា ជានាយរដ្ឋបាល បណ្តាលឲ្យចំស្មាខាងឆ្វេង បណ្តាលឲ្យដាច់រលាត់ស្បែក។ ក្រោយកើតហេតុ កម្លាំងនគរបាលអន្តោរប្រវេសន៍បានចាប់ដកកាំភ្លើងពីជនបង្ក ហើយសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនបង្កដល់ផងដែរ តែជនដៃដល់រត់គេចឡើងលើរថយន្តបើកគេចខ្លួនបាត់។ ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ជនបង្កយកមកផ្តន្ទាទោសតាមច្បាប់៕