រាជធានីភ្នំពេញ៖យុវជនម្នាក់ត្រូវបានកម្លាំសមត្ថកិច្ចឃាត់ខ្លួន ក្រោយរួមភេទជាមួយក្មេងស្រីអនីតិជនបានសម្រេចជាច្រើនដង ដែលការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង០៤ល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះសំណាក់ «ដាលីន» ស្ថិតក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ លឹម សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៩ ភូមិដើមម៉ាក់ក្លឿ សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងជនសង្ស័យបានទាក់ទងស្រឡាញ់គ្នាជាមួយជនរងគ្រោះ រួចក៏នាំគ្នាមកដេកនៅផ្ទះសំណាក់ខាងលើ ពេលនោះជនសង្ស័យ និងជនរងគ្រោះ បានរួមភេទជាមួយគ្នាបានម្តង បន្ទាប់មកជនសង្ស័យ និងជនរងគ្រោះ ក៏បាននាំគ្នាទៅរួមភេទនៅផ្ទះសំណាក់ខាងលើចំនួន៦ដងទៀត។
លុះដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ ម៉ោង១៦និង០០នាទី ជនសង្ស័យបានចេញពីផ្ទះសំណាក់ ពេលនោះជនរងគ្រោះក៏បានទាក់ទង ទៅក្រុមគ្រួសារឲ្យមកទទួល និងប្រាប់រឿងហេតុទាំងអស់រួចនាំគ្នាដើរកឃើញជនសង្ស័យ នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ក៏ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា ធ្វើការសាកសួរ៕