ប៉ះទង្គិច​គ្នា​លើ​កោះ​ទេសចរណ៍​ដ៏​ធំ​មួយ​នៅ​ហ្វីលីពីន​ស្លាប់​មនុស្ស​៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 April, 2017 ក+ ក-

​ម៉ានីល​៖​អាជ្ញាធរ​ហ្វីលីពីន​និយាយថា មនុស្ស​៨​នាក់​មាន​ទាំង​ជនសង្ស័យ​ជា​ពួក​ឧទ្ទាម​អា​ប៊ូ​សា​យ៉ា​ហ្វ​៥​នាក់ និង​មន្ត្រី​៣​នាក់​ត្រូវបាន​គេ​សម្លាប់​កាលពី​ម្សិលមិញ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ចាប់ជំរិត​នៅលើ​កោះ​លម្ហែកាយ​បូ​ហូល​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​អ្នកនាំពាក្យ​យោធា​ហ្វីលីពីន លោក អែ​ដ​ហ្កា​ដ អា​រ៉េ​វ៉ា​ឡូ បាន​និយាយថា លោក​បានទទួល​សេចក្ដីរាយការណ៍​ថា សត្រូវ​៥​នាក់​ត្រូវបាន​សម្លាប់ ហើយ​រឹបអូស​បាន​កាំភ្លើងយន្ត​៤​គ្រឿង​ពី​ក្រុម​ឧទ្ទាម​។ ប៉ុន្តែ លោក​ថា មនុស្ស​៣​នាក់​របស់​រដ្ឋាភិបាល​ក៏ត្រូវ​បានសម្លាប់​ផងដែរ ខណៈ​មន្ត្រី​២​នាក់​ទៀត​រងរបួស​។ លោក​បញ្ជាក់ថា ការប៉ះទង្គិច​នេះ​បាន​កើតឡើង​ក្រោយពី​ស្ថានទូត​អាមេរិក និង​អូស្ត្រាលី បាន​ព្រមាន​ទៅ​ពលរដ្ឋ​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ អំពី​ការចាប់​ជំរិត​បង្កឡើង​ដោយ​ក្រុម​ភេរវជន​នៅ​ភាគ​កណ្ដាល​ហ្វីលីពីន​។​
​គួរ​បញ្ជាក់ថា កោះ​បូ​ហូល​គឺជា​មរ​ណី​យ​ដ្ឋា​ន​ទេសចរណ៍​ដ៏​ធំ​មួយ ជាទី​ដែល​ភ្ញៀវទេសចរ​ហែល​ទឹក​ប្រលែង​លេង​ជាមួយ​ត្រី​ឆ្លាម​រូបរាង​បា​ឡែ​ន និង​ជិះទូក​កម្សាន្ត​លើទឹក​ទន្លេ​ថ្លា​ដូច​កញ្ចក់ ព្រមទាំង​ឆ្នេរ​ខ្នាច់​ស​ចិញ្ចាច​៕

1