គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៥​ថ្ងៃ​អំឡុង​បុណ្យចូលឆ្នាំថ្មី ស្លាប់​៥៤​នាក់ និង​របួស​២២៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មនុស្ស​៥៤​នាក់​បាន​ស្លាប់ ខណៈ​២២៦​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ក្នុង​រយៈពេល​៥​ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១៣ ដល់​១៧ ខែមេសា ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​របាយការណ៍​ផ្លូវការ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៥​ថ្ងៃ កើតឡើង​ចំនួន​១២១​លើក ខូចខាត​ម៉ូតូ​១៤៤​គ្រឿង រថយន្ត​តូច​៤៤​គ្រឿង រថយន្ត​ធំ​៨​គ្រឿង និង​យាន​ផ្សេងៗ​៥​គ្រឿង ហើយ​មូល​ហេតុដែល​នាំ​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន បើកបរ​ល្បឿន​លឿន បើកបរ​ស្រវឹង បើកបរ​ជែង មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ បត់​គ្រោះថ្នាក់ កត្តា​យានយន្ត និង​ងងុយដេក​។​
​ចំណែក​ខេត្ត​ដែល​កើត​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ គឺ​ខេត្តបាត់ដំបង​១២​លើក ស្លាប់​១២​នាក់ របួស​១៧​នាក់​, ខេត្តកំពង់ធំ ៩​លើក ស្លាប់​៧​នាក់ របួស​២៦​នាក់​, ភ្នំពេញ ៧​លើក​ស្លាប់​៥​នាក់ របួស​១០​នាក់​, ស្វាយរៀង​១០​លើក ស្លាប់​៤​នាក់ របួស​២៣​នាក់​, ក្រចេះ​៩​លើក ស្លាប់​៣​នាក់ របួស​១៣​នាក់​, ខេត្តព្រះវិហារ​៧​លើក ស្លាប់​៣​នាក់ របួស​១០​នាក់​, ខេត្តព្រៃវែង ៣​លើក​ស្លាប់​៣​នាក់ របួស​៣​នាក់ និង​ខេត្ត​ព្រះសីហនុ ៣​លើក​ស្លាប់​៣​នាក់​។​
​ដោយឡែក​របាយការណ៍​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧​នេះ ដែលជា​ថ្ងៃ​បងប្អូន​ប្រជាពលរដ្ឋ​សម្រុក ត​ឡប់​មកពី​ស្រុកកំណើត​មក​បំពេញ ការងារ​ដូច​ធម្មតា​វិញ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៦​ករណី ស្លាប់​១២​នាក់ និង​៤៧​នាក់​រងរបួស​ធ្ងន់​ស្រាល​៕

fn-2017-04-17-05-57-19-1fn-2017-04-17-05-57-19-0