អាឡេប៉ូ៖ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា ការបំផ្ទុះរថយន្តអត្តឃាតស្ថិតនៅក្បែររថយន្តក្រុងជាច្រើនគ្រឿង នៅទីក្រុងជាប់ជាយខេត្តអាឡេប៉ូ ដែលទាហានស៊ីរី ទើបតែទទួលបានមកវិញពីពួកឧទ្ទាម បណ្តាលឲ្យមនុស្សស្លាប់១២៦នាក់ ក្នុងនោះភាគច្រើនជាកុមាររហូតដល់៦៨នាក់បានស្លាប់។
ប្រភពដដែលបញ្ជាក់ថា ការវាយប្រហារខាងលើនេះកើតឡើងនៅក្នុងសង្កាត់ Rashidin នៃភាគខាងលិចខេត្តអាឡេប៉ូ ដែលបានកើតឡើងនៅថ្ងៃសៅរ៍ ដែលមានគោលដៅទៅលើប្រជាជនដែលភៀសខ្លួនពីទីក្រុង Fuaa និង Kafraya ដែលរដ្ឋាភិបាលស៊ីរីទទួលកាន់កាប់មកវិញ បន្ទាប់ពីមានការព្រមព្រៀងគ្នាជាមួយពួកឧទ្ទាម។ នេះបើយោងតាមព័ត៌មាន CNN ។
សារព័ត៌មានខាងលើបញ្ជាក់ថា ជនបំផ្ទុះអត្តឃាតម្នាក់បានឱបគ្រាប់បែកចូលទៅក្បួនរថយន្តមួយ ដែលចតនៅក្បែររថយន្តក្រុងដឹកមនុស្សភៀសខ្លួនជាច្រើន រួចក៏បំផ្ទុះខ្លួនឯងឡើងតែម្តង។ ទោះជាយ៉ាងណាចំនួនមនុស្សស្លាប់អាចនឹងបន្តកើនចំនួនថែមទៀត ព្រោះអ្នករងរបួសមានរហូតដល់ទៅរាប់សិបនាក់ទៀតឯណោះ ខណៈដែលរដ្ឋបាលស៊ីរីបានអះអាងថា វាជាទង្វើរបស់ក្រុម ISIS ផងដែរ៕