កូរ៉េខាងជើង៖អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Han Song-Ryol បានថ្លែងថា កូរ៉េខាងជើងនឹងបន្តបាញ់សាកល្បងមីស៊ីល បើទោះបីមានការថ្កោលទោសពីអន្តរជាតិ និងការកើនឡើងនូវភាពតានតឹងផ្នែកយោធាជាមួយសហរដ្ឋអាមេរិកក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន BBC។
ក្នុងកិច្ចសម្ភាសន៍ជាមួយ BBC នាទីក្រុងព្យុងយ៉ាង លោក Han Song-Ryol បានថ្លែងដូច្នេះថា «យើងនឹងត្រូវធ្វើការបាញ់សាកល្បងមីស៊ីលបន្ថែមទៀត នៅលើមូលដ្ឋានជាប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ»។ លោកបានបន្តប្រាប់ថា សង្គ្រាមទាំងអស់នឹងចាប់ផ្តើម ប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាពយោធា»។
សូមជំរាបថា នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence ទៅកាន់តំបន់ព្រំដែនគ្មានកងទ័ព DMZ រវាងប្រទេសកូរ៉េទាំងពីរ លោក Mike Pence បានថ្លែងព្រមានចំពោះកូរ៉េខាងជើង «កុំចង់សាកល្បងចំពោះភាពអត់ធ្មត់របស់អាមេរិក ឬក៏កម្លាំងនៃយោធារបស់អាមេរិកឲ្យសោះ!»។ លោកបានបន្តថា សម័យកាលនៃភាព អត់ធ្មត់ជាយុទ្ធសាស្ត្រ បានបញ្ចប់ហើយ, ចិនគួរដាក់សម្ពាធឲ្យធ្ងន់ធ្ងរបំផុតដល់កូរ៉េខាងជើង។
ជាមួយគ្នានេះលោក Pence បានហៅការធ្វើតេស្តមីស៊ីលកូរ៉េខាងជើងថា «ជាការបង្កហេតុ» ហើយវាពិតជាបង្កគ្រោះថ្នាក់ទាំងនៅតំបន់ឧបទ្វីបកូរ៉េ និងសហរដ្ឋអាមេរិកផងដែរ៕