ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ បាន បំភ្លឺជុំវិញការចោទប្រកាន់ពីសំណាក់ក្រុមបណ្តាញសង្គម Facebook ថាលោកឧត្តមសេនីយ៍ទោ ហុង វីណុល នាយស្នងការ នៃស្នងការដ្ឋានព័ត៌មានសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកាត់លុយពលទាហាន នៃកងរាជអាវុធហត្ថក្នុងម្នាក់ៗ ចំនួនពី១២ម៉ឺន ទៅ១៣ម៉ឺនរៀល។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បានបញ្ជាក់កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ថា ថ្មីៗនេះ មានការចុះផ្សាយតាមប្រព័ន្ធបណ្តាញសង្គម Facebook ដោយចោទប្រកាន់ថា លោកឧត្តមសេនីយ៍ទោ ហុង វីណុល នាយស្នងការ នៃស្នងការដ្ឋានព័ត៌មានសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេសថា បានកាត់លុយពលទាហាន នៃកងរាជអាវុធហត្ថក្នុងម្នាក់ៗ ចំនួនពី១២ម៉ឺនទៅ១៣ម៉ឺនរៀល។
ប៉ុន្តែអ្នកនាំពាក្យរូបនោះ បានធ្វើការបំភ្លឺ ដើម្បីជៀសវាងមានការភ័ន្តច្រឡំជាសាធារណៈសាធារណៈមកលើថ្នាក់ដឹកនាំ នៃកងរាជអាវុធហត្ថ ដែលបាន និងកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដល់ជីវភាព និងសុខភាពរស់នៅរបស់ពលទាហាន ហើយបែរជាទទួលនូវការវាយប្រហារយ៉ាងអយុត្តិធម៌។
លោក ខេង ទីតូ បានបញ្ជាក់ថា ចំពោះការចុះផ្សាយទាំងនោះ គឺជាព័ត៌មាននិយាយបំផ្លើសការពិត ដែលអ្នកនិយាយនោះ មិនបានយល់អំពីនីតិវិធី នៃការគ្រប់គ្រងកងកម្លាំង។ លោកបានបញ្ជាក់ថា ប្រាក់ដែលត្រូវបានកាត់នោះ គឺជាប្រាក់ហូប ឬប្រាក់ម្ហូបមិនមែនជាប្រាក់បៀវត្សទេ។
តាមគោលរបបរដ្ឋ ប្រាក់ម្ហូបម្នាក់ បានកំណត់កក្នុងមួយថ្ងៃ ចំនួន៤២០០រៀល (ខែខ្លះ ២៨ថ្ងៃ ឬ៣០ថ្ងៃ និង៣១ថ្ងៃ)។ ពលទាហានចល័ត នៃកងរាជអាវុធហត្ថ គឺជាកងកម្លាំងអន្តរាគមន៍ ដែលត្រូវស្នាក់នៅ និងហូបបាយរួម នៅក្នុងបន្ទាយ ដើម្បីគ្រប់គ្រងវិន័យ ហ្វឹកហាត់ អប់រំ និងប្រមូលកម្លាំង សម្រាប់ត្រៀមប្រតិបត្តិការ ដូច្នេះប្រាក់ម្ហូប ត្រូវបានបង្វិលបញ្ចូលទៅក្នុងរោងបាយ ដើម្បីទិញម្ហូប និងចម្អិនឲ្យកងកម្លាំង នៃកងអន្តរាគមន៍ចល័ត ហូបរួមគ្នា រីឯទាហាន ដែលមិនបានស្នាក់នៅ និងហូបបាយរួម នៅក្នុងបន្ទាយ គឺជាទាហានមិនគោរពវិន័យ ឬទាហានសេរី។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា តាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានហាមដាច់ខាត មិនអនុញ្ញាតឲ្យមេបញ្ជាការអង្គភាពកងរាជអាវុធហត្ថណាមួយ កាត់ប្រាក់ខែពីកងកម្លាំងរបស់ខ្លួនណាម្នាក់ឡើយ ទោះបីជាការកាត់នោះ ក្នុងគោលបំណងមនុស្សធម៌ ឬទិញសម្ភារៈបន្ថែមក្តី មេបញ្ជាការ ដែលល្មើសនឹងបទបញ្ជា នឹងត្រូវទទួលទោស ទៅតាមបទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ៕
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ