ខេត្តរតនគិរី៖រថយន្តកែច្នៃមួយគ្រឿង ដឹកឈើសុក្រម បើករត់ចេញឃ្លាំងដំឡូងមីក្រៀម គេចចូលទៅលាក់ក្នុងចំការស្វាយចន្ទី ត្រូវសមត្ថកិច្ចរឹបអូសយកមកប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ។ ហេតុការណ៍បង្ក្រាបនេះធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការរដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបបាននៅវេលាម៉ោង ៩ និង៣០នាទី យប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅក្នុងចំការស្វាយចន្ទីមួយកន្លែងស្ថិតក្នុងភូមិ តាអង្គ២ ឃុំតាអង្គ ស្រុកកូនមុំខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានរុករកឃើញរថយន្តដឹកឈើនេះ ក្នុងចំការស្វាយចន្ទី ដោយគេបើកយកលាក់ទុកចោល មិនឃើញមានម្ចាស់ បន្ទាប់ពីមានសេចក្ដីរាយការណ៍មកថា មានរថយន្តកែច្នៃ ដឹកឈើចូលឃ្លាំងដំឡូងមីក្រៀម ហើយដឹងថាសភាពការមិនល្អ ក៏បើករត់ចេញពីឃ្លាំងដំឡូង យកទៅលាក់ក្នុងចំការស្វាយចន្ទីនៅក្បែរនោះស្ថិតក្នុងចំណុចខាងលើ។
ហើយឈើនៅលើរថយន្តកែច្នៃ ត្រូវសមត្ថកិច្ចឲ្យដឹងថា ជាប្រភេទឈើសុក្រម មានចំនួន ១៧ដុំ មិនទាន់ដឹងចំនួនម៉ែត្រគូបនោះទេ អាស្រ័យលើជំនាញធ្វើការវាស់វែង ក្រោយពេលសមត្ថកិច្ចប្រគល់ជូន។
ប្រភពបានឲ្យដឹងថា ឃ្លាំងស្តុកដំឡូងមី ដែលរថយន្តកែច្នៃដឹកឈើចូល ហើយបើករត់ចេញវិញនោះ ត្រូវគេសង្ស័យថា ជាកន្លែងដែលរថយន្តយីឌុបចូលដឹកដំឡូង តែងតែលួចបង្កប់ឈើជាយូរមកហើយ ប៉ុន្តែមិនដែលមានអ្នកដឹង ទើបតែនៅពេលយប់ថ្ងៃទី១៧ ខែមេសា ស្រាប់តែត្រូវគេប្រទះឃើញ ហើយរាយការណ៍ជូនសមត្ថកិច្ចទើបមានការបង្ក្រាបនេះឡើង៕