ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖យោងរបាយការណ៍បូកសរុបរបស់ការិយាល័យចរាចរណ៍ខេត្តបាត់ដំបងបានអោយដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះថា អំឡុងពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍កើតមានចំនួន១៥កណី នៅលើដងផ្លូវសំខាន់ៗជុំវិញខេត្ត ដែលក្នុងនោះបណ្តាលអោយមានមនុស្សស្លាប់ចំនួន១០នាក់ជាបុរស និងអ្នករងរបួសចំនួន១៩នាក់ផ្សេងទៀត។
ប្រភពខាងលើបញ្ជាក់អោយដឹងថា ចំនួនអ្នកស្លាប់ និងអ្នករងរបួសក្នុងអំឡុង៣ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំ ឆ្នាំ២០១៧នេះមានការកើនឡើងរហូតដល់១០នាក់ធៀបនិងឆ្នាំចាស់អ្នកស្លាប់ត្រឹមតែ២នាក់ប៉ុណ្ណោះ ក្នុងនោះបង្ករមានលើស្រុកបវេល៣លើក ឯកភ្នំ៣លើក ស្រុកថ្មគោល២លើក មោងឬស្សី១លើក សង្កែ១លើក ស្រុកកំរៀង១លើក បាណន់១លើក រុក្ខគីរី១លើក ស្រុកសំឡូត១លើកនិងស្រុកសំពៅលូន១លើកក្នុងនោះដែរមានរថយន្តប្រភេទតូចចំនួន២គ្រឿង ម៉ូតូ២០គ្រឿងរងការខូចខាតធ្ងន់ធ្ងរ។
លោកវរសេនីយ៍ទោ សាត គឹមសាន្ត នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តបាត់ដំបងបានអោយដឹងដែរថា កត្តាដែលបណ្តាលអោយកើតមាននូវការគ្រោះថ្នាក់ច្រើនករណីនេះបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ និងប្រជាពលរដ្ឋខ្វះការយល់ដឹងពីច្បាប់ចរាចរណ៍ដោយបត់ឆ្វេង បត់ស្តាំ និងឡើងមកលើដងផងផ្លូវមិនមានការប្រុងប្រយ័ត្ន៕